ភ្នំពេញ៖ ស្រ្តីម្នាក់បានប្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍ចោមចៅចាប់ខ្លួនបុរសជាប្ដីចាត់ការតាមច្បាប់ និងបានសុំលែងលះប្ដីខាងលើនោះទៀតផង នៅចំពោះមុខនគរបាលប៉ុស្ដិ៍ចោមចៅ ស្រ្តីរូបនោះបានចោទប្រកាន់ថា ប្ដីក្មេងរបស់គាត់តែងតែប្រើអំពើហិង្សា វាយតប់គាត់ជាញឹកញាប់ រហូតគាត់ទ្រាំលែងបានទើបដាក់ពាក្យប្ដឹងសុំឲ្យនគរបាលជួយចាប់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិ ព្រៃស្វាយ សង្កាត់ចោមចចៅ ខណ្ឌណោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីជាប្រពន្ធឈ្មោះពុធ មឿន អាយុ៤៣ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុ និងមានស្រុកកំណើតនៅភូមិ ព្រៃផ្ដៅ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ រីឯប្ដីក្មេងជាងប្រពន្ធឈ្មោះប៊ុន លាងប៉ូច អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេត្តកពង់ចាម អ្នកទាំង២មានកូនប្រុសម្នាក់អាយុ៦ឆ្នាំនៅក្នុងបន្ទុកគ្រួសារ។
តាមការរៀបរាប់ពីស្រ្តីជាប្រពន្ធប្រាប់ថា រូបគាត់និងប្ដីបានរស់នៅជាមួយគ្នាជាប្ដីប្រពន្ធដោយមិនបានរៀបការ អស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ ដោយប្ដីមានមុខរបរជាកម្មករសំណង់ ចំណែកគាត់មានមុខរបរ ជាអ្នកលក់ពងទា។ ពេលនោះគាត់និងប្ដីបានស្រលាញ់គ្នាខ្លាំងណាស់ ប៉ុន្តែរយៈពេលឆ្នាំចុងក្រោយនេះ ចេះតែមានភាពរកាំរកូសជាមួយគ្នាជាបន្តបន្ទាប់ រហូតត្រូវប្ដីប្រើហិង្សាជាញឹកញាប់មកលើរូបគាត់(ប្រពន្ធ) មិនតែប៉ុណ្ណោះឲ្យតែពេលខឹងបន្តិចបន្តួច លោកប្ដីបានវេចបង្វិចចាកចោលគាត់(ប្រពន្ធ)បាត់មួយរយៈពេល លុះពេលនឹកឃើញចង់រកគាត់ ទើបវិលត្រឡប់មកវិញ គឺធ្វើបែបនេះជាច្រើនលើកច្រើនសារ។ ដោយទ្រាំនិងទង្វើនេះមិនបាន ទើបគាត់សម្រេចចិត្តមកដាក់ពាក្យបណ្ដឹង សុំឲ្យនគរបាលចុះទៅឃាត់ខ្លួនប្ដីក្មេងរូបនេះ ចាត់ការតាមច្បាប់និងសុំលែងលះប្ដីនេះចោល ឈប់យកទៀតហើយសុខចិត្តនៅតែ២នាក់កូនវិញប្រសើរ ជាង។
ចំណែកបុរសជាប្ដី បាននិយាយថា គាត់និងប្រពន្ធគឺចេះតែមានភាពរកាំរកូសនិងគ្នាពិតមែន ព្រោះខ្លួនប្រច័ណ្ឌប្រពន្ធ ដោយកាលពី២ទៅ៣ឆ្នាំមុន ខ្លួនបានដឹងថា ប្រពន្ធផិតក្បត់លួចលាក់ ទៅមានស្នេហាជាមួយប្រុសម្នាក់ទៀតជាកូនប្រុសម្ចាស់ផ្ទះជួល ដែលមានវ័យក្មេងជាងរូបគេដែលជាប្ដីទៅទៀត។ ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យគ្រួសារគ្មានសេចក្ដីសុខ និងមានទំនាស់គ្នាកើតឡើងជាហូរហែរមកដល់សព្វថ្ងៃនេះ៕ សុខាសែនជ័យ
...