ភ្នំពេញ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីស្រវឹងជោកជាំជិះម៉ូតូមិនគោរពភ្លើងសញ្ញាបានបុកបុរសម្នាក់ ទាស់ពាក្យសម្ដីគ្នា បុរសស្រវឹងនោះក៏បានយកសោម៉ូតូទៅវាយបង្កឲ្យមានរបួសស្នាម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភ្លើងបំបែកសញ្ញាចរាចរណ៍២០០៤ កាត់ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះមានឈ្មោះ អ៊ុន យូហាន អាយុ៣៧ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត ស្នាក់នៅបន្ទប់ជួលម្តុំសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិឫស្សី ឃុំរកា។ ចំណែកបុរសបង្កដែលមានជាតិស្រវឹងក្នុងខ្លួននោះមានឈ្មោះ ថោង វុទ្ធី អាយុ២៣ឆ្នាំ មុខរបរអ្នកយាមនៅផ្សារអណ្តូង ស្នាក់ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំនើត ភូមិក្រប៉ៅ ឃុំក្រប៉ៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ធ្វើដំណើរដោយម៉ូតូម៉ាកScoopy ពាក់ស្លាកលេខភ្នំពេញ 1FA-5897 ធ្វើដំណើរចេញពីផ្លូវម៉ៃដា២០០៤ បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច តាមបណ្តាយផ្លូវ២០០៤ឆ្ពោះទៅផ្ទះនៅសំរោងអណ្តែតដោយបានឆ្លងកាត់ភ្លើងស្តុប២០០៤ត្រង់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី ភ្លើងសញ្ញានោះលោតពណ៌ខៀវហើយខ្លួនក៏បានបន្តដំណើរឆ្លងទៅមុខទៀត ភ្លាមនោះក៏ស្រាប់តែបុរសដែលបង្កហេតុនោះបានជិះម៉ូតូធ្វើដំណើរពីជើងទៅត្បូងហើយមិនគោរពភ្លើងសញ្ញាទិសរបស់ខ្លួនទេ ហើយមកបុកប៉ះជាមួយគ្នាហើយក៏ទាស់ពាក្យសម្ដីដាក់គ្នាធ្វើឲ្យជនបង្កទាញយកសោម៉ូតូមកក្តាប់នឹងដៃវាយចំក្បាលបណ្តាលឲ្យរបួស។
ក្រោយពេលកើតហេតុនគរបាលចរាចរដែលនៅគោលដៅនោះបានបញ្ជូនភាគីទាំងពីរទៅប៉ុស្តិ៍នគរបាលកាកាបដើម្បីធ្វើការដោះស្រាយ។
ពេលដែលទៅដល់ប៉ុស្តិ៍នគរបាលកាកាប ជនបង្កហាក់បីដូចជាដឹងខ្លួនខុសក៏បានសូមទោសទៅជនរងគ្រោះ និងព្រមសងថ្លៃព្យាបាលចំនួន១៥០ដុល្លារដើម្បីបញ្ចប់រឿង ហើយសមត្ថកិច្ចបានធ្វើការណែនាំអប់រំឲ្យត្រឡបទៅផ្ទះវិញ ដោយបន្សល់ទុកពាក្យមួយឃ្លាថា “សូមបងប្អូនកុំយកតម្រាបតាមខ្ញុំ” ៕ សុខាសែនជ័យ
...