ប្រភពព័ត៌មានពីខេត្តតាកែវបានឲ្យដឹងថា មេឈ្មួញម្នាក់ឈ្មោះ យឹម អេម កំពុង នាំចូលសត្វមាន់ ទា និងជ្រូកទាំងរស់ ទាំងឈឺងាប់ ពីប្រទេសវៀតណាមដោយខុសច្បាប់ ហើយដឹកដាក់តាមទីសត្តឃាត រួចកាប់សាច់លក់នៅតាមទីផ្សារនានាក្នុងតម្លៃថោកឱ្យប្រជាពលរដ្ឋទិញយកទៅទទួលទាន ដោយអាជ្ញាធរមិនបានខ្វល់ពីសុខភាពប្រជាពល រដ្ឋទេ។ ប្រភពដដែលបានបញ្ជាក់ថា ខណៈដែលបុណ្យចូលឆ្នាំខ្មែរខិតជិតចូលមក ដល់នោះឈ្មួញកំពុងសម្រុកនាំចូលផលិតផលកសិកម្មពីប្រទេសយួនយកមកលក់នៅកម្ពុជាមានចំនួនកាន់តែច្រើនឡើងៗ ។
អាជ្ញាធរខេត្ត និងជំនាញពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តតាកែវត្រូវបានមន្រ្តីរាជការ និងប្រជាពលរដ្ឋរិះគន់ថា កំពុងឃុបឃិតគ្នាឱ្យឈ្មួញនាំចូលជ្រូករស់ ឬជ្រូកងាប់ពី ប្រទេសវៀតណាមដោយដឹកចូលទីសត្តឃាតរួចកាប់សាច់លក់នៅតាមទីផ្សារនានា ក្នុងខេត្តតាកែវនោះមានច្រើនឆ្នាំមកហើយអត់ដែលខ្វល់ពីផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលទិញយកទៅទទួលទាននោះឡើយ ។
មន្រ្តីគយនៅខេត្តតាកែវបានបង្ហើបថា នៅរយៈពេល៤ទៅ៥ថ្ងៃមកនេះនៅឯប្រទេស វៀតណាមបានផ្ទុះជំងឺទៅលើសត្វជ្រូកយ៉ាងធ្ងន់ធ្ងរធ្វើឱ្យអាជ្ញាធររបស់គេបានប្រមូលសត្វជ្រូកទាំងអស់យកទៅកម្ទេចចោលរាប់សែនក្បាលដើម្បីកុំឱ្យឆ្លងរាលដាលដល់ ប្រជាជនរបស់គេ។ ដោយឡែកនៅខេត្តតាកែវវិញនៅតែបន្តនាំជ្រូកទាំងអស់នោះ ពីប្រទេសវៀតណាមដោយគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវដែលនោះជាក្តីកង្វល់ធំមួយរបស់ប្រជាពលរដ្ឋ៕