ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក (បើករត់គេចខ្លួនបាត់) បានបើកបុកជនរងគ្រោះ ខណៈកំពុងដើរឆ្លងថ្នល់ ស្របពេលនោះមានរថយន្តមួយគ្រឿងទៀតបានកិនបន្ថែម បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។
ហេតុការណ៍នេះបានកើតនៅវេលាម៉ោង១៩និង១០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែតលេខ ២៥-២៦ ស្ថិតក្នុងភូមិកោះរកាឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាល ។
ជនរងគ្រោះ(ស្លាប់) ឈ្មោះឆោម សៅម៉ាច ប្រុសអាយុ៥០ឆ្នាំ មានទីលំនៅភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មុនកើតហេតុ គេឃើញជនរងគ្រោះដើរឆ្លងថ្នល់ នៅចន្លោះគីឡូមែតលេខ២៥-២៦ ពីលិចទៅកើត បន្ទាប់មកមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក (បើករត់គេចបាត់) ធ្វើដំណើរពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ បានមកបុកមនុស្សឆ្លងផ្លូវបណ្ដាលឲ្យដួលនៅ លើទ្រូងផ្លូវ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក ស្តារិច ពណ៌សលាយក្រហម គ្មានផ្លាកលេខ ជារថយន្តសង្គ្រោះរបស់ភូមិភាគ២ក្រសួងកាពារជាតិ ធ្វើដំណើរពី ជើងទៅត្បូង ហើយបានមកកិនបន្ថែមបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។
សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តបានបើករត់ទៅ ឈប់នៅមន្ទីរពេទ្យរុស្សី ហើយត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ៕ ស្អាងជ័យ