ខេត្តតាកែវ៖ ក្មេងស្រីពីរនាក់ដេញ ប្រលែងគ្នាលេងក្នុងទីធ្លាក្នុងវត្តសង្ស័យរអិលជើងធ្លាក់ចូលស្រះលង់ស្លាប់ទាំងពីរ ។
បើតាមលោកវរសេនីយ៍ទោ ជា សុផាត អធិការនគរបាលស្រុកកោះអណ្តែតបានឲ្យដឹងថាករណីនេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៩និង ៥នាទីមានករណីក្មេងលង់ទឹកស្លាប់២នាក់ នៅក្នុងស្រះទឹក ស្ថិតនៅក្នុងភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្ត តាកែវ ។
លោកបានបន្តថា ក្មេងស្រីគ្រោះ ដែលស្លាប់ទី១.ឈ្មោះ លុយ ឡុងលីតា អាយុ១២ឆ្នាំ មានឪពុកឈ្មោះ ឆន ឆុន អាយុ ៣៥ឆ្នាំ និងម្តាយឈ្មោះ ឡុង អឿន អាយុ២៩ឆ្នាំ រស់នៅភូមិខ្លាគ្រហឹម ឃុំ ក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ និងទី២.ឈ្មោះ ប៉ាល សុជា អាយុ ១៤ឆ្នាំ មានឪពុកឈ្មោះ ហ៊ីង រង់ អាយុ ៥៥ឆ្នាំ និងម្តាយឈ្មោះ ឌុច ថុន អាយុ ៥១ឆ្នាំ រស់នៅភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុក កោះអណ្តែត ខេត្តតាកែវ។ អ្នកភូមិ និយាយថា មុនកើតហេតុក្មេងស្រីរងគ្រោះទាំង២នាក់គេឃើញរត់ដេញប្រលែងគ្នាលេងសង្ស័យជ្រុលធ្លាក់ចូលក្នុងស្រះទឹក ក្នុងវត្តក្រពុំឈូក ខណៈគ្មានអ្នកឃើញនៅពេលធ្លាក់ចូលស្រះហក៏លង់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះពិនិត្យសាកសពហើយ សង្កេតឃើញថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារការលង់ទឹកពិតប្រាកដមែនមិនពាក់ព័ន្ធករណីឃាតកម្មទេ ហើយក្រោយពិនិត្យ។ រីឯសាកសពក្មេងស្រីទាំង២នាក់សមត្ថកិច្ចបាន ប្រគល់ក្រុមគ្រួសារយកទៅចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ៕ ភ្នំដា













