ភ្នំពេញ៖ លោក គ្រួច ចន្ថារិទ្ធ ប្រធាន គណៈកម្មការរៀបចំការប្រកួតរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានឲ្យដឹងកាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ថា ឆ្នាំទី១ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអនុញ្ញាតឲ្យសហព័ន្ធរៀបចំដោយខ្លួនឯងនោះ គឺមានកីឡាករចូលរួមប្រកួត ប្រមាណ១៦០នាក់ កើនឡើង៩០ភាគរយបើធៀបនឹងឆ្នាំ២០១៦កន្លងទៅ ។
លោក គ្រួច ចន្ថារិទ្ធ អតីតស្តេចអុក ឆ្នាំ២០០១បានបន្តថា ក្រោយពីការប្រកួតក្នុងវគ្គជម្រុះជុំទី១រយៈពេលមួយថ្ងៃពេញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានោះគណៈកម្មការបានរកឃើញអ្នកឈ្នះដោយសម្លាប់ដៃគូរបស់ខ្លួននិងឈ្នះដោយថិរវេលា៨០នាក់ក្នុងចំណោម១៦០នាក់។ ចំពោះអ្នកឈ្នះទាំង៨០នាក់ នេះអនុវត្តតាមរូបមន្តប្រកួតអ្នកឈ្នះត្រូវ បន្តប្រកួតជម្រុះជុំទី២ ហើយនឹងបន្តប្រកួតជម្រុះទុកតែ៨នាក់ទៅប្រកួតនៅវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ចុងក្រោយនៃព្រឹត្តិការណ៍អង្គរសង្គ្រាន្តនាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅមុខ ប្រាសាទអង្គរខេត្តសៀមរាប ។
លោក គ្រួច ចន្ថារិទ្ធ បញ្ជាក់ថា ចំពោះ លទ្ធផលប្រកួតអុកឆ្នាំនេះមានលក្ខណៈល្អប្រសើរ និងមានបេក្ខជនដែលមានថ្វីដៃមកពីគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា ។ នៅ ក្នុងចំណោមអ្នកឈ្នះចំនួន៨០នាក់នេះជើងខ្លាំងសំខាន់ៗគួរឲ្យកត់សម្គាល់មានដូចជា លោក ឆយ វីរ៉ា ស្តេចអុកឆ្នាំ២០១០, លោក ហួយ សូណា ស្តេចអុកឆ្នាំ២០១៦, លោក ឈាវ បូរ៉ា ស្តេចអុក២ជំនាន់ឆ្នាំ២០១៤ និងឆ្នាំ២០១៥, លោក ប៊ិន គាសេង ចំណាត់ ថ្នាក់លេខ៣ឆ្នាំ២០១៥, លោក ហេង រ៉ាវី, សូ សំភី ចំណាត់ថ្នាក់លេខ៣ ឆ្នាំ២០១៤, លោក សុខ ភារ៉ា ចំណាត់លេខ២ឆ្នាំ២០១៥ និងលោក សំ រិទ្ធ សៀ ចំណាត់ថ្នាក់លេខ៨ ឆ្នាំ២០១៤ ។
គួររំលឹកថា ក្នុងចំណោមអ្នកលេងឆ្នើម ឈ្នះក្នុងថ្ងៃទី១ត្រូវបន្តជម្រុះជុំទី២ហើយ អ្នកឈ្នះជុំទី២ត្រូវប្រកួតជម្រុះជុំទី៣ ដោយទុក តែកីឡាករ៨នាក់ប៉ុណ្ណោះដើម្បីទៅដណ្តើមយកពានរង្វាន់ស្តេច អុកចត្រង្គអង្គរសង្គ្រាន្តលើកទី៥ឆ្នាំ២០១៧នៅមុខបា្រសាទអង្គរវត្ត ៕ សារីម













