រភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តមួយគ្រឿងម៉ាកHYUDAI H-1ទៅបុករបាំងក្បាលថ្មចែកទ្រូងផ្លូវបណ្តាលឲ្យរងខូចខាត កាលពីវេលាម៉ោង១និង២០នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើរមួយគ្រឿងម៉ាក HYUDAI H-1 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AA-2885 ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកចំក្បាលព្រួញពុះចែកទ្រូងផ្លូវខ្ទេចមួយកំណត់ខាងឆ្វេងខាងមុខ ភ្លាមៗនោះម្ចាស់រថយន្តខាងលើបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌចំការមនបានប្រគល់រថយន្តបង្កឲ្យទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕ ស រស្មី
...