ភ្នំពេញ៖ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងជំរុញឲ្យមានការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងគ្រប់វិស័យ រួមទាំងការបង្កើនកាលានុវត្តភាពក្នុងការទទួលបាននូវចំណេះដឹងជំនាញផ្សេងៗ ដើម្បីកាត់បន្ថយភាពក្រីក្រ ។
លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ ខណៈលោកស្រី ចូលរួមក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកផែនការសកម្មភាពការងារឆ្នាំ២០១៧ របស់ ក្រសួងកិច្ចការនារី នៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី២៩ មីនា ឆ្នាំ២០១៧ ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងយកចិត្ដទុកដាក់ក្នុងការកាត់បន្ថយភាពក្រីក្រ និងឈានទៅលុបបំបាត់រាល់ទម្រង់ នៃអំពើហិង្សាឆ្ពោះទៅបង្កើនសេចក្តីសុខចម្រើនដល់ប្រជាជនគ្រប់រូប ជាពិសេសស្រ្តី និងដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍សង្គម -សេដ្ឋកិច្ចប្រកបដោយចីរភាព។
លោកស្រីបន្ដថា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីយើងសម្រេចបានវឌ្ឍនភាពគួរជាទីមោទនៈ ទាំងក្នុងវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ច ក្នុងបរិការណ៍ ដែលកម្ពុជាបានខិតខំធ្វើកំណែទម្រង់លើគ្រប់វិស័យដែលធ្វើឲ្យកម្ពុជាឤចរក្សាបាននូវសុខ សន្តិភាព ស្ថិរភាព នយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រចាំឆ្នាំគិតជាមធ្យមប្រមាណ៧% ហើយអត្រានៃភាពក្រីក្រប្រមាណ១% ក្នុងមួយឆ្នាំ ត្រូវបានកាត់បន្ថយដែលធ្វើឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ លើការកាត់បន្ថយភាពក្រីក្រ និងលើវិស័យសង្គមកិច្ចមួយចំនួនមុនពេលកំណត់ឆ្នាំ២០១៥ ,២០១៦ មកនេះ ។
លោកស្រី ម៉ែន សំអន បានបន្ដថា ពាក់ព័ន្ធទៅនឹងការលើកម្ពស់សិទ្ធិ ស្ថានភាព ឋានៈតួនាទីរបស់ស្រ្តី រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្តេជ្ញាជាឱឡារិកនៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំពិភពលោកស្តីពី ការលើកម្ពស់សមភាព យេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្រ្តី នៅទីក្រុងញ៉ូូយ៉ក អាមេរិកកាលពីខែកញ្ញា ឆ្នាំ២០១៥ ដែលផ្តោតទៅលើចំណុចមួយចំនួន ទី១ .ការធានាលើការការពារសិទ្ធិស្ត្រី ព្រមទាំងការលើកកម្ពស់ការចូលរួមពេញលេញ និងដោយស្មើភាពរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិត។
ទី២. ការបង្កើនការវិនិយោគទៅលើសមភាពយេនឌ័រ ជាពិសេសតាមរយៈការពិនិត្យឡើងវិញ លើគោលនយោបាយសារពើពន្ធ ដើម្បីបង្កើត និងបង្កើនការចំណាយសាធារណៈលើសមភាពយេនឌ័រ ព្រមទាំងត្រួតពិនិត្យ និងវិភាគពីផលប៉ះពាល់នៃចំណាយសាធារណៈទៅលើវិសមភាពយេនឌ័រ។ ទី៣ .ការពង្រឹងយន្តការគណនេយ្យភាពសម្រាប់សមភាពយេនឌ័រ គឺជាការងារគន្លឹះ ដើម្បីវាស់វែងប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយ និងវិធានការរបស់ក្រសួង-ស្ថាប័នព្រមទាំងធានាឱ្យមានការផ្តល់ធនធានសមរម្យសម្រាប់ការងារយេនឌ័រ។ ទី៤.ការបន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងសេដ្ឋកិច្ច គឺជាឤទិភាព ដើម្បីបង្កើនអំណាចសេដ្ឋកិច្ចគ្រប់គ្រាន់ជូនស្ត្រី និងក្រុមគ្រួសារ និងអនុញ្ញាតឱ្យអ្នកទាំងនោះមានលទ្ធភាពចូលរួមក្នុងការងារសាធារណៈ និងនយោបាយ។ ទី៥ .ការគិតគូរបន្តបង្កើនចំនួនស្ត្រីចូលរួមក្នុងវិស័យនយោបាយ ដោយផ្តល់ឤទិភាពឱ្យស្ត្រីតាមរយៈការដាក់ឈ្មោះលើបញ្ជីបោះឆ្នោតក្នុងលេខរៀងឤចជាប់បាន។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា សកម្មភាពដែលយើងត្រូវធ្វើជាបន្ត គឺធ្វើឲ្យសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលជាគោលដៅទី៥បានផ្តោតសំខាន់ទៅលើការពន្លឿនវឌ្ឍនភាព ឆ្ពោះទៅសម្រេចបានសមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្ត្រី និងកុមារី ដើម្បីបង្កើននូវលក្ខខណ្ឌសមធម៌ និងការទទួលស្គាល់សមភាពរវាងស្ត្រី និងបុរសក្នុងគ្រប់ទិដ្ឋភាពទាំងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ ។ ឆ្នាំ២០១៧នេះគឺជាឆ្នាំទី២ នៃការអនុវត្តក្របខ័ណ្ឌថ្មីជាសកល គឺគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលត្រូវអនុវត្តរហូតដល់ឆ្នាំ២០៣០បន្តពីគោលដៅអភិវឌ្ឍន៍ សហសវត្សរ៍ ដែលបានបញ្ចប់ទៅ ៕ សំរិត
...