ភ្នំពេញ ៖ ដើម្បីឆ្លើយតបតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចសាលារាជធានីភ្នំពេញ ក្នុងកិច្ចការបង្ក្រាបគ្រឿងញៀន និងការថែរក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សង្គម ជូនបងប្អូនប្រជាពលរដ្ឋនាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ អាជ្ញាធរខណ្ឌច្បារអំពៅ ក្រោមការដឹកនាំដោយលោកអ៊ាង ស៊ីផាន ជាប្រធាន គណ:បញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានដាក់ផែនការអោយកម្លាំងគណៈបញ្ជា ការឯកភាពខណ្ឌរួមគ្នា រឹត បន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងចូលរួមសម្រួលចរាចរនៅចំនុច ការដ្ឋានកំណាត់ផ្លូវជាតិ លេខ១ កុំឲ្យមានការកកស្ទះ ជាពិសេសលោក ចៅសង្កាត់ទាំង៨ ត្រូវដឹកនាំកម្លាំងចុះមកសម្រួលចរាចរដោយពុំចាំបាច់ប្រើកម្លាំងរបស់ខណ្ឌនោះឡើយ មួយផ្នែកទៀតត្រូវចុះអប់រំប្រជាពលរដ្ឋឲ្យបង្ការគ្រោះអគ្គីភ័យនៅថ្ងៃបុណ្យចូលឆ្នាំ ដែលអាចកើតឡើងជាយថាហេតុ ។
វិធានការទប់ស្កាត់ក្នុងគោលដៅការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមនេះបានដាក់ផែនការនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌលើកទី៣៤
កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ក្រោមវត្តមានលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកអ៊ាង ស៉ីផាន អភិបាលនៃគណៈអភិបាលខណ្ឌ , លោករស់ សុភ័ក្ត អភិបាលរងខណ្ឌ និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធរួមជាមួយលោកចៅសង្កាត់ទាំង៨ ។
នៅក្នុងកិច្ចប្រជុំនេះផ្តោតទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងការអនុវត្តច្បាប់ចរាចរ….លោក អ៊ាង ស៊ីផាន អភិបាល នៃគណ:អភិបាល ខណ្ឌច្បារអំពៅ និងជាប្រធាន គណ:បញ្ជាការខណ្ឌ ក៏បានមានប្រសាសន៍ ដាក់ផែនការក្តៅទៅលើមន្ត្រីក្រោមឱវាទឲ្យយកចិត្តទុកដាក់ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងជំរុញដល់មន្ត្រីតាម មូលដ្ឋានត្រូវចូលរួមផ្សព្វផ្សាយ អំពីគ្រោះអគ្គិភ័យ ដែលតែងតែផ្តើមចេញពីការធ្វេសប្រហែសភ្លើងទៀនធូប និងត្រូវចូលរួមទប់ស្កាត់ ដាច់ខាតមិនឲ្យកើតមានល្បែងសីុសងនោះឡើយ។ ទន្ទឹមនឹងនោះដែរបញ្ហាគ្រឿងញៀន ក៏ត្រូវបានលោកអភិបាលខណ្ឌ ដាក់ផែនការដល់គណ:បញ្ជាការឯកភាពសង្កាត់ ត្រូវតែឯកភាពគ្នាកំណត់គោលដៅមួយឈានទៅលប់បំបាត់ ឬកាត់បន្ថយបញ្ហាគ្រឿងញៀន ។
ជាមួយគ្នានេះដែរលោកអភិបាលក៍បាន ជំរុញដល់អស់លោក លោកស្រីជាចៅសង្កាត់ ត្រូវចូលរួមសម្រួល ចរាចរដល់អ្នកដំណើរ តាម យានយន្តគ្រប់ប្រភេទ កុំឲ្យ មានការកកស្ទះចរាចរ និង យកចិត្ត ទុកដាក់រៀបចំសណ្តាប់ធ្នាប់ តាមមូលដ្ឋានឲ្យបានល្អ ជាពិសេស គឺតំបន់ទីប្រជុំជន ។ រីឯបញ្ហាសំខាន់មួយទៀតនោះ គឺត្រូវថែរក្សាការពារ សន្តិសុខ ជុំវិញលំនៅឋាន ប្រជាពលរដ្ឋ កុំឲ្យមានបទ ល្មើសចោរកម្ម គាស់ផ្ទះលួច ទ្រព្យសម្បត្តិរបស់បងប្អូន ប្រជាពលរដ្ឋ។
សូមរំលឹកថា មួយរយៈកន្លងមកនេះ តាមបទបញ្ជា ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គណ: បញ្ជាការឯកភពខណ្ឌច្បារអំពៅ បានយកចិត្តទុកដាក់បង្ក្រាបបទមុខសញ្ញាគ្រឿងញៀន ដែលជាដើមចម បង្កអោយមាន សកម្មភាពបង្ក បទល្មើសក្នុងមូលដ្ឋានបានជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ៕ សណ្តោស