ខេត្តព្រៃវែង ៖ កូនប្រសារចិត្តឃោរឃៅម្នាក់បានយកព្រនង់វាយទៅលើម្តាយក្មេក ដែលមានអាយុ៨៦ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ ដោយសារខឹងម្តាយទូន្មានរឿងស្រវឹងស្រាជាប្រចាំ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ម្សិលមិញ នៅផ្ទះឈ្មោះ ប៉ាក់ ភឿង ភេទប្រុស អាយុ៤០ឆ្ន្នាំស្ថិតភូមិត្រពាំងស្គន់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។
ជនសង្ស័យមានចិត្តឃោរឃៅឈ្មោះ ប៉ាក់ ភឿង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកស្រ្តីរងគ្រោះ ឈ្មោះ មាំង ឈិត ភេទស្រី អាយុ៨៦ឆ្នាំ ត្រូវជាម្តាយក្មេកជនសង្ស័យ ។
មុនហេតុការណ៍នេះកើតឡើង ជារឿយៗស្រ្តីរងគ្រោះដែលជាម្តាយក្មេកតែងទូន្មានប្រដៅកូនប្រសាររូបនេះ ព្រោះជាញឹកញាប់ស្រវឹងរាល់ថ្ងៃ ។ លុះដល់ថ្ងៃកើតហេតុក៏បានឈ្លោះប្រកែកគ្នា រហូតជេរនិងបណ្តេញម្តាយក្មេកឲ្យចុះចេញពីផ្ទះ ម្តាយមិនចុះ ក៏យកព្រនង់ប្ញស្សីប្រវែង១.២០ម៉ែត្រ វាយសំពងទៅលើម្តាយក្មេក បណ្តាលឱ្យមានមុខរបួសប្រវែង១០សង្ទីម៉ែត្រ រងរបួសធ្ងន់។
បច្ចុប្បន្នជនរងគ្រោះ បងប្អូនបញ្ជូនទៅព្យាបាលនៅពេទ្យឯកជនមួយកន្លែង ស្ថិតក្នុងភូមិបណ្តោះអាសន្ន ។ រីឯជនសង្ស័យនគរបាលបានឃាត់ខ្លួនបណ្តោះអាសន្នទុកនៅអធិករដ្ឋាននគរបាល ស្រុកដើម្បីចាត់ការតាមនីតិវិធី ៕ ជាយក្រុង