ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសជាច្រើនថ្នេរបន្ទាប់ពីត្រូវយុវជនម្នាក់ទៀតកាប់ប្រហារកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ លុះព្រឹកឡើងវេលាម៉ោង១១និង១៥នាទីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ទើបរត់មកប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីដាក់ពាក្យបណ្ដឹងសុំការអន្តរាគមន៍។
ជនរងគ្រោះខាងលើមានឈ្មោះសឹម សុផល អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិត្រពាំងលែង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកជនដៃដល់យកកាំបិតប័ុងតោកាប់មកលើជនរងគ្រោះនេះមានឈ្មោះភ័ក្រ អាយុជាង៣០ឆ្នាំ មុខរបរកម្មកសំណង់ដូចគ្នា ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិអូស្នទួល ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីជនរងគ្រោះរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុគឺនៅម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យនិងយុវជនម្នាក់ទៀតឈ្មោះភ័ក្រដូចគ្នាបានជជែកគ្នាខ្លាំងៗនៅមុខបន្ទប់ខ្លួន ហើយជនរងគ្រោះបានចេញមកប្រាប់ថា «កុំជជែកគ្នាឮៗពេក គេដេកគេពួន» ខណៈនោះជនដៃដល់ស្រាប់តែឮបែបហ្នឹងធ្វើឲ្យខឹងក្តៅស្លឹកត្រចៀក ជនបង្កបានទាញកាំបិតប័ុងតោចេញពីក្នុងកាបូបស្ពាយកាប់មកលើជនរងគ្រោះជាច្រើនកាំបិតតែម្តង ក្រោយពីធ្វើសកម្មភាពកាប់មកលើជនរងគ្រោះរួចជនសង្ស័យក៏បបួលបក្ខពួក៥នាក់ផ្សេងទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ចំណែកជនរងគ្រោះក៏បានទៅមន្ទីរពេទ្យដែលនៅក្បែរនោះដើម្បីព្យាបាលរបួស និងដេរមុខរបួស លុះព្រឹកឡើងទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ដើម្បីឱ្យជួយអន្តរាគមន៍៕ សុខាសែនជ័យ
...