ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋនៅ ស្រុកភ្នំក្រវាញ និងស្រុកបាកាន ខេត្តពោធិ៍ សាត់បានរាយការណ៍ថា ការណ៍ដែលមន្រ្តីជំនាញ និងស្ថាប័នចាំ អែបអបបែបអាជ័យធ្លាក់ទឹកមិនបង្រ្កាប ឈ្មួញដឹកជញ្ជូនឈើចូលដេប៉ូឈ្មោះ ចែធី ឈ្មោះ ផូ និងឈ្មោះ ប៉ិលនោះ គឺរក្សាទុក ដើម្បីចិញ្ចឹមឆ្នាំងបាយប្រចាំថ្ងៃ។
ប្រភពបន្តថាឈ្មោះ ចែធី មានគោយន្ត ចំនួន២គ្រឿង ក្នុង១គ្រឿងៗផ្ទុកឈើអារ ចាប់ពី៧ម៉ែត្រគូបទៅ១០ម៉ែត្រគូបដឹក ជញ្ជូនយកទៅលក់តាមដេប៉ូនៅក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកឈ្មោះ ផូ មានគោយន្តចំនួន២ គ្រឿង និងឈ្មោះ ប៉ិល មានគោយន្តចំនួន ១គ្រឿងពួកគេអាចផ្ទុកឈើអារបានចាប់ពី៧ម៉ែត្រគូបទៅ១០ម៉ែត្រគូបដូចគ្នា ហើយ ពួកគេដឹកជញ្ជូនឈើទាំងនេះយកទៅលក់តាមដេប៉ូនៅ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។
ប្រភពដដែលបន្តទៀតថា ឈ្មួញឈើទាំង៣នាក់ មានគោយន្តចំនួន៥គ្រឿងដឹក ជញ្ជូនឈើស្ទើររាល់ថ្ងៃនិងយូរឆ្នាំមកហើយ ចេញពីម្ដុំភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទៅលក់បន្តនៅតាមដេប៉ូ លក់ឈើទាំងពីរស្រុកខាងលើ ដោយឆ្លង កាត់ទីស្នាក់ការមន្រ្តីជំនាញដូចជា សង្កាត់ រដ្ឋបាលព្រៃឈើសំរោង(មានលោក ផេង វ៉ាន់នី ជាប្រធាន) ផ្នែករដ្ឋបាលព្រៃឈើ ក្រវាញ(មានលោក ហង់ វណ្ណថន ជា ប្រធានស្តីទី) និងសង្កាត់រដ្ឋបាលព្រៃឈើ បាកាន (មានលោក ពិន សង្គមឧត្តម ជា ប្រធាន) ផ្នែករដ្ឋបាលព្រៃឈើក្រគរផង (មានលោក ពេជ្រ ចន្ថា ជាប្រធាន) រួមទាំង មន្រ្តីជំនាញ នៃអធិការដ្ឋានខាងត្បូងបឹង ទន្លេសាបផង ព្រមទាំងស្ថាប័នចាំតែវៃ៉អែប ស៊ីអបបែបអាជ័យធ្លាក់ទឹកជាច្រើននាក់ ទៀត ។
គេមិនដែលឃើញបង្រ្កាបម្តងណា ទាល់តែសោះធ្វើឲ្យបញ្ហាខាងលើនេះត្រូវ បានគេដឹងថា បង្រ្កាបយ៉ាងម៉េចទៅព្រោះ នេះជាឆ្នាំងបាយឆ្នាំងសម្លប្រចាំថ្ងៃរបស់ ពួកគេនោះដោយក្រុមឈ្មួញឈើឈ្មោះ ចែធី ឈ្មោះ ផូ និងឈ្មោះ ប៉ិល បង់លុយប្រចាំជើងឲ្យទៅមន្រ្តីជំនាញម្នាក់មានតួនាទី ជា នាយរងផ្នែករដ្ឋបាលព្រៃឈើក្រវាញចំនួន ៨ម៉ឺនរៀល ក្នុងគោយន្ត១គ្រឿង សង្កាត់រដ្ឋបាលព្រៃឈើសំរោងរួមទាំងផ្នែករដ្ឋបាលព្រៃឈើក្រវាញដដែលនោះចំនួន២៥ម៉ឺនរៀល និងអធិការដ្ឋានខាងត្បូងបឹងទន្លេសាបពីមុនចំនួន៦ម៉ឺនរៀល តែក្រោយមកចំនួន ១៣ម៉ឺនរៀល ។ ចំណែកសង្កាត់រដ្ឋបាល ព្រៃឈើបាកាន និងផ្នែករដ្ឋបាលព្រៃឈើ ក្រគរក៏មិនខុសគ្នាប៉ុន្មានដែរ រួមទាំងស្ថាប័នចាំតែវ៉ៃអែបស៊ីអបបែបអាជ័យធ្លាក់ទឹក នោះផងទៀត ។
យោងតាមប្រភពលើកឡើងខាងលើនេះអ្នកយកព័ត៌មាននគរដ្រេហ្គន មិនអាចរកការពន្យល់ពីស្ថាប័នពាក់ព័ន្ធទាំងនោះបាន ទេ ។ ប៉ុន្តែ លោក ហង់ វណ្ណថន នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញស្តីទីបានប្រាប់ខ្លះៗតាមទូរស័ព្ទនៅរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ថា ចំពោះអធិការដ្ឋានខាងត្បូងបឹងទន្លេសាបបានចប់បេសកកម្មហើយ ។ ដោយឡែកបុគ្គលផ្សេងៗដើរយកឬមិន ដើរយកលោកមិនដឹងនោះទេ ហើយសង្កាត់ និងផ្នែក លោកផ្ទាល់ក៏មិនដឹងនោះដែរ តែ លោកសន្យានឹងសហការគ្នាធ្វើការងារខាងលើនេះ៕ ប៉ឹម ពិន