ខេត្តស្វាយរៀង៖ យុវជនម្នាក់បានរងរបួសធ្ងន់ បាក់ឆ្អឹងកំភួនជើងខាងស្តាំហូរឈាមសន្លប់ស្ដូកស្ដឹងនិងកន្លែងខណៈជិះម៉ូតូក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំទៅបុកនិងរថយន្តហាយឡែនឌ័រ១គ្រឿងក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៤១-១៤២ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា យុវជនដែលរងរបួសមានឈ្មោះ ជូន សក្តដា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ត្រពាំង ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1N-0892 រងខូចខាតយ៉ាងដំណំ។ រីឯអ្នកបើករថយន្តមានឈ្មោះ វ៉ា សុធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បុគ្គលិករោងចក្រ រស់នៅភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុយុវជនម្នាក់បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ១គ្រឿង លើកំណាត់ផ្លូវជាតិលេខ១ដោយធ្វើដំណើរទិសដៅពីកើតទៅលិចមកដល់កន្លែងកើតហេតុខាងលើ បានជិះចូលទៅគន្លងផ្លូវរថយន្តផ្នែកត្បូងក៏ត្រូវរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ2Y-1669 ទិសដៅពីលិចទៅកើតបញ្ច្រាសគ្នាបុកពេញទំហឹងលាន់សូរដូចរន្ទះ បណ្តាលឲ្យយុវជនជិះម៉ូតូរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចនគរបាលបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្វាយរៀងភ្លាមៗ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែអ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំ ទើបជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ។ រឺឯមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន
...