ខេត្តកំពង់ចាម ៖ ខណៈមេឃកំពុងភ្លៀងធ្លាក់ខ្លាំង រថយន្តពេទ្យបានបើកបោះពួយយ៉ាងលឿន ហើយថែមទាំងបញ្រ្ចាសទិសដៅទៀត បានទៅបុកម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់ផ្លោងខ្ទាតស្លាប់នៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្បែរផ្សារផ្អាវ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ប្រភពពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តពេទ្យ ម៉ាកស៊ីណា ពណ៌ស គ្មានស្លាកលេខ (អ្នកបើកបរបានរត់គេចខ្លួនបាត់) បើកក្នុងទិសបញ្ច្រាសទិស (ពីជើងទៅត្បូង) ។ លុះបើកមកដល់ចំណុច ក៏ជ្រុលទៅបុកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1J-8495 បើកបរដោយឈ្មោះ ផាត ជីមួយ ភេទប្រុស អាយុ១៧ឆ្នាំ ។ ស្នាក់នៅភូមិស្រះព្រឹង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម រួមដំណើរជាមួយ២នាក់ ទី១-ឈ្មោះ អាន ហ្សា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិ ឃុំជាមួយគ្នា និងម្នាក់ទៀតឈ្មោះ ផល ឃី្លម ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា កំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាស ទិសគ្នាពីត្បូងទៅជើង បណ្តាលឲ្យផ្លោងជនរងគ្រោះទាំង៣នាក់ស្លាប់ភ្លាមៗមួយរំពេច ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងតាមនីតិវិធី និងយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងយកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់ ។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណះ