ភ្នំពេញ៖ កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យល្បាតការពារក្នុងមូលដ្ឋាន ប្រទះឃើញជនសង្ស័យម្នាក់ឆែករកឃើញថ្នាំញៀនម៉ាទឹកកកចំនួន១៣កញ្ចប់ថង់តូច។
ហេតុការណ៍នេះបានកើតនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងទល់មុខរោងចក្រ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ បុល ដេត ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកឈើកាច់ ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលអន្តរាគមន៍ម្នាក់បានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានចុះល្បាតនៅមូលដ្ឋាននៅក្នុងសង្កាត់ចោមចៅដែលជាកន្លែងស្មុកស្មាញមានចោរលួច ចោរប្លន់ ជាពិសេសថ្នាំញៀណជាដើម ។
តាមប្រភពដដែលបានបន្តទៀតថា ខណៈដែលពួកគាត់ចេញល្បាត ដោយមានកម្លាំង៦នាក់ជិះម៉ូតូ៣គ្រឿងលុះល្បាតមកដល់ចំណុចកើតហេតុស្រាប់តែឃើញជនសង្ស័យកំពុងឈរនៅចិញ្ចើមផ្លូវ ដោយមានការសង្ស័យក៏បានឃាត់ដើម្បីឆែកឆេរក៏ប្រទះឃើញម្សៅសថ្លាប្រភេទ ម៉ាទឹកកកនូវក្នុងខ្លួនជនសង្ស័យចំនួន១៣ថង់ប្លាស្ទិចតូច។ បន្ទាប់មកកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌឃាត់យកទៅប្រគល់ឲ្យជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌភ្លាមផងដែរ។
ជនសង្ស័យខាងលើបានសារភាពថា ខ្លួនត្រូវមេខ្លោងឲ្យជួយចែកចាយហើយខ្លួនបានមួយចំណែកគ្រាន់ជក់ថែមទាំងលក់ក្នុងមួយកញ្ចប់តំលៃ២ម៉ឺនរៀល។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងនាំមកកាន់ផ្នែកជំនាញនៃអធិការខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ សុខាសែនជ័យ
...