ខេត្តកំពង់ស្ពឺ៖ អ្នកភូមិរាប់រយនាក់បានទាមទារឲ្យចាប់បុរសចំណាស់ម្នាក់រស់នៅក្នុងភូមិជាមួយគ្នាដើម្បីសម្លាប់ចោលព្រោះសង្ស័យថាបុរសម្នាក់នេះចេះធ្វើអំពើ អាបធ្មប់ហើយមានអ្នកស្រុកឈឺជាបន្ត បន្ទាប់ព្យាបាលមិនជា ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅភូមិត្រពាំងស្វាយ ឃុំ ព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ប៉ុន្តែជនរងគ្រោះត្រូវបានអាជ្ញាធរមានសមត្ថកិច្ចជួយរំដោះដឹកទៅកាន់អធិការដ្ឋាននគរបាលស្រុកគងពិសីដើម្បីការពារសុវត្ថិភាពដោយមានការចូលរួមពីលោក ចែម ភឺនរីម វុទ្ធី អភិបាលស្រុកគងពិសីនោះផង ។
លោកអភិបាលស្រុកគងពិសីបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវអ្នកភូមិប៉ុនប៉ង សម្លាប់ឈ្មោះប្រាក់ គង់ អាយុ៦៥ឆ្នាំ មាន ទីលំនៅក្នុងភូមិ-ឃុំកើតហេតុ។ តាមការស្រាវជ្រាវបានឲ្យដឹងថា ហេតុដែលអ្នកភូមិចោមរោមចង់សម្លាប់ជនរងគ្រោះដោយសារអ្នកភូមិសង្ស័យថា ជនរងគ្រោះចេះ អំពើអាបធ្មប់ ហើយមានអ្នកភូមិម្នាក់មាន ជំងឺមើលមិនជាទើបកើតមានហេតុការណ៍បែបនេះតែម្តង ។
បើតាមប្រពន្ធជនរងគ្រោះបានរៀបរាប់នៅក្នុងអធិការដ្ឋាននគរបាលស្រុកថា កន្លងទៅក្នុងភូមិមានគ្រួសារមួយមានមនុស្ស ឈឺ ប៉ុន្តែក្រុមគ្រួសារមិនបានយកចិត្តទុកដាក់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលនោះទេ តែបែរជាដឹកអ្នកជំងឺទៅ រកគ្រូហោទស្សន៍ទាយមើលទៅវិញ។ តាម អ្វីដែលគាត់បានដឹងថា គ្រូហោបានប្រាប់គ្រួសារអ្នកជំងឺនោះថាក្នុងភូមិមានមនុស្សចេះអំពើអាបធ្មប់ទើបមានមនុស្សឈឺហើយ មើលមិនជាបែបនេះ។ មិនបានប៉ុន្មានផងស្រាប់តែអ្នកភូមិទាំងនោះនាំគ្នាមកចោទប្ដីរបស់គាត់ថាចេះអំពើអាបធ្មប់ទៅវិញ តែតាមការពិតប្ដីរបស់គាត់មិនចេះអ្វីទាំងអស់ហើយការណ៍ដែលគាត់ចេះទាយនេះដោយ សារការទាយតាមសៀវភៅដែលគេចង ក្រងតែប៉ុណ្ណោះ ។
ក្រុមអ្នកភូមិបានលើកឡើងនៅកន្លែងទាមទារចង់យកជនរងគ្រោះមកសម្លាប់ថា កាលណាចេះទាយគឺប្រាកដជាចេះធ្វើអំពើអាបធ្មប់ហើយ។ ប៉ុន្តែប្រពន្ធជនរងគ្រោះបានចេញមុខស្បថស្បែជំនួសប្ដីឲ្យធរណីស្រូប ព្រោះប្ដីរបស់គាត់មិនចេះអ្វីទាំងអស់ក្រៅតែពីទាយតាមក្បួនតម្រាសៀវភៅដែល គេចងក្រងប៉ុណ្ណោះ ។
បើតាមប្រភពពីមន្ត្រីនគរបាលស្រុក គងពិសីឲ្យដឹងថា ក្រោយពីមានហេតុការណ៍ នេះកើតឡើងក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្ដឹងរួចហើយដើម្បីការពារសុវត្ថិភាពជនរងគ្រោះ។ ដោយឡែកប្រពន្ធ ជនរងគ្រោះបាននិយាយថា ប្ដីរបស់គាត់នឹង ត្រូវបញ្ជូនឲ្យទៅរស់នៅឯខេត្តតាកែវជា មួយកូនមិនឲ្យរស់នៅក្នុងភូមិខាងលើនេះទៀតទេ ដើម្បីការពារសុវត្ថិភាពសន្តិសុខផ្ទាល់ខ្លួនប្ដីរបស់គាត់ ។
អ្នកតាមដានរឿងរ៉ាវខាងលើនេះបាន លើកឡើងថា សម័យទំនើបទៅហើយហេតុ អ្វីបានជាអ្នកភូមិខាងលើនៅមានជំនឿ អំពើអាបធ្មប់ខ្មោចស្អីទៀត? បើមានអ្នកឈឺគឺបញ្ជូនទៅរកសេវាព្យាបាលទៅមិនគួរមកចោទប្រកាន់មនុស្សដូចគ្នាបែបនេះទេ៕ សេនាស័ក្តិ