ខេត្តត្បូងឃ្មុំ៖ មនុស្ស៤នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿង និងម៉ូតូពីរគ្រឿង បានបុកគ្នា ដួល និងក្រឡាប់ពេញផ្លូវ ។
ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៧ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៧-១៣៨ ស្ថិតនៅភូមិច្រក ចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ-3C-2881បើកបរដោយឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិច្រកពោន ឃុំសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ (បានរងរបួសធ្ងន់)២-រថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ-2AH-6222 បើកបរដោយឈ្មោះ ឆេង ណុន ភេទប្រុស អាយុ៣៣ឆ្នាំ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (គ្មានរបួស ) ៣-ម៉ូតូម៉ាកសង់កូរ៉េពណ៌ស្លាទុំគ្មានស្លាកលេខបេីកបរដោយឈ្មោះ សុ សុីណា ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរនៅភូមិត្រពាំងស្នោ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(របួសស្រាល) ឌុបប្រពន្ធឈ្មោះប៊ុត សុីណេត ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅជាមួយគ្នា(របួសធ្ងន់) ៤-ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខត្បូងឃ្មុំ-1A-3065បើកបរដោយឈ្មោះជីវ ខាយ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) ។ រថយន្តទាំងពីរគ្រឿងធ្វើដំណើរស្របគ្នាពីកើតទៅលិច(ពីខាងសួងទៅខាងកំពង់ចាម) រីឯម៉ូតូទាំង២គ្រឿងធ្វើដំណើរបញ្ច្រាសទិសគ្នាជាមួយរថយន្តពីលិចទៅកើត(ពីខាងកំពង់ចាមទៅសួង)។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដោយសារអ្នកទាំងអស់គ្នាប្រើប្រាស់ល្បឿន ដោយមិនប្រុងប្រយ័ត្ន និងបើកបរមិនយល់យោគគ្នា ។ ក្រោយកើតហេតុអ្នករបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយបង្កត្រូវបានសម្ថកិច្ចយករក្សាទុករង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕ វណ្ណះ