ភ្នំពេញ៖ ការចាប់ខ្លួនរបស់សមាជិក ព្រឹទ្ធសភាលោក ហុង សុខហួរ មកពីគណ បក្សសង្គ្រោះជាតិកាលពីព្រឹកថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៥កន្លងទៅ គឺជាបទល្មើស ព្រហ្មទណ្ឌជាក់ស្ដែងដោយអនុវត្ដតាម បញ្ញត្ដិនៃមាត្រទី៨៦នៃក្រមព្រហ្មទណ្ឌ ។
នេះជាការលើកឡើងរបស់លោក នាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិ ការក្រសួងការពារជាតិបានលើកឡើង នៅក្នុងពិធីផ្សព្វផ្សាយព្រឹត្ដិការណ៍ថ្មីៗជូនដល់នាយទាហានជាន់ខ្ពស់ខ.ភ.ម.ប្រមាណ ៣០០នាក់នៅសាលប្រជុំទីស្ដីការក្រសួងកាលពីថ្មីៗកន្លងទៅនេះ ។
លោកនាយឧត្ដមសេនីយ៍ នាង ផាត បន្ដទៀតថា ដើម្បីឱ្យនាយទាហានខ.ភ.ម. ស្វែងយល់និងយល់ជ្រួតជ្រាបពីសភាព ការណ៍វិវត្ដន៍អន្ដរជាតិនិងជាតិ ពិសេស អំពីអង្គហេតុនិងការអនុវត្ដនៃនីតិវិធី ច្បាប់ក្នុងការចាប់ខ្លួនរបស់លោក ហុង សុខហួរ នាពេលកន្លងមក ។
ការចាប់ ខ្លួនលោក ហុង សុខហួរ ធ្វើឡើងបន្ទាប់ពី លោកបានបង្ហោះផ្សព្វផ្សាយវីដេអូឃ្លីប នៅក្នុងគេហទំព័រហ្វេសប៊ុកឈ្មោះ សម រង្ស៊ី កាលពីថ្ងៃទី១២ និងនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ដែលបានបកស្រាយ អះអាងថា លោក ហេង សំរិន ដែលជា ប្រមុខរដ្ឋបានចុះហត្ថលេខាជាមួយប្រមុខ រដ្ឋរបស់វៀតណាមនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩ថា ប្រទេសទាំង២ឯកភាពគ្នា រំលាយព្រំដែនរដ្ឋទាំង២ ព្រមទាំងបាន លើកយកអត្ថបទនៃសន្ធិសញ្ញានេះដាក់បញ្ចូលក្នុងវីដេអូឃ្លីបនេះទៀតផង។
ចំពោះអង្គហេតុខាងលើនេះត្រូវបាន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់៣បទល្មើសគឺបទ ល្មើសក្លែងបន្លំឯកសារសាធារណៈបទ ល្មើសប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយនិងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គមតាមបញ្ញត្ដិនៃមាត្រា៦២៩, មាត្រា៦៣០ និងមាត្រា ៤៩៥នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណា ចក្រកម្ពុជា ។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា ការដំណើរការដឹកនាំប្រទេសរបស់ប្រមុខ រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន កន្លងមកនេះគឺការពង្រឹង ស្ថិរភាព នយោបាយ សន្ដិសុខនិងសណ្ដាប់ ធ្នាប់សង្គមនិងធានាឱ្យបានប្រក្រតីភាព ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ចំពោះសភាពការណ៍អន្ដរជាតិលោកនាយឧត្ដមសេនីយ៍ក៏បានធ្វើលើកឡើងពីសភាពការណ៍កំពុងវិវត្ដន៍បត់បែបនិង ចម្រោងចម្រះស្មុគស្មាញជាច្រើនទាំង ក្នុងតំបន់និងលើពិភពលោក ជាពិសេស បញ្ហាបដិវត្ដពណ៌ដែលបាននិងកំពុងរីក រាលដាលយ៉ាងខ្លាំងនៅបណ្ដាប្រទេស មួយចំនួននៅលើពិភពលោក ហើយបញ្ហា នេះបាននិងកំពុងហូរចូលមកក្នុងប្រទេស កម្ពុជានៅចុងឆ្នាំ២០១៣និងដើមឆ្នាំ ២០១៤បង្កអស្ថិរភាពដល់សន្ដិសុខសង្គម និងការបែកបាក់ជាតិ ។
ទាក់ទងនឹង សន្ដិភាព និងស្ថិរភាពក្នុងប្រទេសក៏ដូច ជាមួយប្រទេសជិតខាងនិងក្នុងតំបន់លោក រដ្ឋលេខាធិការបានលើកយកប្រសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន ដែល បានបញ្ជាក់ថា អស្ថិរភាពក្នុងប្រទេស មួយវាបានជះឥទ្ធិពលរងគ្រោះនិងមាន ផលប៉ះពាល់ដល់ប្រទេសជិតខាងនៅក្នុងតំបន់និងពិភពលោក ។ ប៉ុន្ដែសុខសន្ដិ ភាពស្ថិរភាពនយោបាយល្អក្នុងប្រទេសមួយវាបានជះឥទ្ធិពលល្អដល់ប្រទេសជិត ខាងទាំងនៅក្នុងតំបន់និងលើពិភពលោកផងដែរ ។
លោកនាយឧត្ដមសេនីយ៍បានលើក ទឹកចិត្ដនិងជំរុញឱ្យនាយទាហានខ.ភ.ម. បន្ដការចូលរួមអនុវត្ដតួនាទីភារកិច្ច របស់ខ្លួន ពិសេសអនុវត្ដឱ្យបានម៉ឺងមាត់ នូវអនុសាសន៍របស់សម្ដេចនាយក រដ្ឋមន្ដ្រីតេជោ ហ៊ុន សែន ដែលបានថ្លែង កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ នៅបញ្ចាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ដែលក្នុងនោះសម្ដេចតេជោបានផ្ដាំផ្ញើ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវធានាមិនឱ្យមានបដិវត្ដពណ៌នៅ កម្ពុជា ទោះតម្លៃណាក៏ដោយត្រូវកម្ចាត់ ចោលភ្លាមដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ៕
ដោយ៖ សុខដុម