ភ្នំពេញ៖ ការដ្ឋានធ្វើលូ និងសំណង់ផ្ទះល្វែងរបស់ក្រុមហ៊ុនវេងតិចឡា ដែលស្ថិតក្នុងភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេចឲ្យបញ្ឈប់ជាបណ្ណោះអាសន្ន ក្រោយពីក្រុមការងារពិនិត្យឃើញថា ក្រុមហ៊ុនខាងលើសាងសង់លូប្រអប់មិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ហើយសំណង់ផ្ទះល្វែងត្រូវបានសង្ស័យថា សាងសង់មិនមានច្បាប់និងរំលោភប្រឡាយរំដោះទឹកដ៏ធំរបស់រាជធានីភ្នំពេញ។ ការសម្រេចឲ្យបញ្ឈប់ការដ្ឋានធ្វើលូ និងសំណង់ផ្ទះល្វែងរបស់ក្រុមហ៊ុនវេងតិចឡាខាងលើនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ មេសា ឆ្នាំ២០១៧ គឺក្នុងខណៈដែលលោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានី និងអាជ្ញាធរខណ្ឌមានជ័យចុះពិនិត្យការដ្ឋាននេះជាក់ស្តែង។
លោក អៀង អូននី បានបញ្ជាក់ថា យើងពិតមើលឃើញជាក់ស្តែងហើយ ចំពោះការដ្ឋានស្ថាបនាលូប្រអប់របស់ក្រុមហ៊ុននេះ គឺធ្វើមិនត្រឹមត្រូវតាមបច្ចេទេសនោះទេមានប្រហោងដែលធ្វើឲ្យដីហូរចូលពីលើខ្នងលូទៅក្រោមបានជាងនេះទៅទៀតការជីកដាក់លូទំហំរហូតទៅដល់៤ម៉ែត្រមិនមានបុកស៊ីផាយសោះ ដែលនឹងអាចធ្វើឲ្យផ្ទះប្រជាពលរដ្ឋនៅសងខាងការដ្ឋាននេះប្រឈមនឹងការបាក់ស្រុត។ ដូច្នេះហើយរដ្ឋបាលរាជធានីសម្រេចឲ្យផ្អាកការដ្ឋាននេះជាបណ្តោះអាសន្នសិន ។ ដោយឡែកសំណង់ផ្ទះល្វែងដែលលុបដីប្រឡាយសាងសង់ឡើងនេះក៏ត្រូវបានក្រុមការងារនេះសម្រេចអោយផ្អាកជាបណ្តោះអាសន្នសិនផងដែរ ដោយសង្ស័យថា មិនមានច្បាប់អនុញ្ញាតិ តម្រូវឲ្យខាងក្រុមហ៊ុនយកច្បាប់សាងសង់មកបង្ហាញរដ្ឋបាលរាជធានីជាមុនសិន ក្រោយពីមានច្បាប់ពីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ហើយទើបរដ្ឋបាលរាជធានីភ្នំពេញឲ្យសាងសង់បន្ត ។
លោក អៀង អូននី ក៏បានជំរុញឲ្យការិយាល័យភូមិបាលចុះវាស់វែងពីព្រំប្រទល់កំណត់ប្រឡាយទឹករបស់រដ្ឋឲ្យបានច្បាស់លាស់ និងត្រូវចេញប្លង់សរុបរួមមួយដើម្បីសាងសង់លូប្រឡាយឲ្យហើយក្នុងឆ្នាំនេះ ។ ចំណែកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវចុះធ្វើសកម្មភាពស្តារប្រឡាយនេះឡើងវិញ ព្រោះវាចំរដូវប្រាំងស្រាប់។
លោក នៅ សារឿន អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ប្រឡាយបង្ហូរទឹកលូប្រាំពិតជាមានសារៈសំខាន់ណាស់ក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ ពិសេសរំដោះទឹកចេញពីពោធិ៍ចិនតុង ហូរមកប្រឡាយបារាំងបន្តហូរមកលូ៥ មកភូមិម័រទៅស្ពានដែកចំការដូង និងបន្តទៅជើងឯកស្ថានីយបូមទឹកបឹងទំពន់ ៕ សំរិត
...