ភ្នំពេញ៖ ម្ចាស់ផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា និងភរិយា នៅ រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ បាន នាំយកអំណោយ និងថវិកាមួយចំនួន ដែលបានមកពីការដាក់បញ្ចាំងរឿង «កំពូលល្ងង់នៅអាស៊ី»ចំនួន១០ភាគរយ ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រជាង១០០គ្រួសារ ស្ថិតនៅក្នុងភូមិ ត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ពិធីចែកអំណោយជាស្បៀងអាហារនិងថវិកានៅរសៀលនេះក៏មានការអញ្ជើញ ចូលរួមពីសំណាក់អាជ្ញាធរដែនដីក្នុងនោះ មានដូចជាលោក ចែម ភឺនរីមមុនី អភិ បាលស្រុកគងពិសី លោក ឈុន ស៊ីផេង ស្មៀនឃុំព្រះនិព្វាន ព្រមទាំងបងប្អូនប្រជា ការពារភូមិ និងប្រជាពលរដ្ឋជាច្រើននាក់។
លោក ឡេង ណាវ៉ាត់ត្រា ម្ចាស់ផលិត កម្ម Galaxy បានថ្លែងក្នុងឱកាសចែក អំណោយនោះថា ជាទឹកចិត្តអាណិតអាសូរ ដល់បងប្អូនក្រីក្រ ដែលជីវិតរបស់លោក ធ្លាប់ជួបប្រទះបែបនេះ នាពេលកន្លងមក និងក៏ចង់បង្ហាញទឹកចិត្តចែករំលែកគ្នាទើបលោកបានពាំនាំយកនូវអំណោយនិង ថវិកាបន្តិចបន្តួចមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅថ្ងៃនេះតាមរយៈការស្នើសុំរបស់លោកស្មៀនឃុំ។ ម្យ៉ាងទៀត លោកក៏ធ្លាប់ធ្វើសកម្មភាពសប្បុរសធម៌នេះ ជាច្រើនលើកមកហើយ និងជាឱកាសមួយក្នុងការចែកទានដល់ពួកគាត់ក្នុងរដូវ មុនចូលឆ្នាំថ្មីនេះផងដែរ។
ម្ចាស់ផលិតកម្មវ័យក្មេងមានជីវិតតស៊ូ ពីក្មេងធ្លាប់ក្រ និងកម្សត់រូបនេះបានថ្លែង បន្តថា ថវិកាដែលលោកបាននាំយកមក ថ្ងៃនេះ គឺបានមកពីមួយចំណែកនៃថវិកា ចំណេញពេលដាក់បញ្ចាំងភាពយន្តរឿង «កំពូលល្ងង់នៅអាស៊ី» កាលពីពេល កន្លងទៅដោយលោកបានយកប្រមាណ ជា១០ភាគរយបន្ទាប់ពីទូទាត់ការចំណាយ រួចរាល់ដើម្បីទិញសម្ភារខ្លះមានដូចជាអង្ករ ទឹកត្រី ប្រេងឆា និងជូនជាថវិកាផ្ទាល់តែម្ដងដល់បងប្អូនទាំងនេះ។
ដោយឡែកលោកចែម ភឺនរីមមុនី អភិបាលស្រុកគងពិសីក៏បានថ្លែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅដល់លោក ឡេង ណាវ៉ាត់ត្រាក៏ដូចជាភរិយាដែលបាន ចំណាយធនធានផ្ទាល់ខ្លួនសរុបប្រមាណ ៤.៥០០ដុល្លារអាមេរិក ដើម្បីទិញសម្ភារ ចែកជូនដល់បងប្អូនក្រីក្រ និងប្រជាការពារភូមិក្នុងមូលដ្ឋានខាងលើ។ លោកបញ្ជាក់ ជាក់ថា នេះជាទឹកចិត្តសប្បុរស មួយដែលមិនអាចកាត់ថ្លៃបានជូនដល់លោកយាយ លោកតាក្រីក្រជាពិសេសគឺត្រូវនឹងឱកាសបុណ្យចូលឆ្នាំថ្មីជិតឈានចូលមកដល់ ក្នុងពេលឆាប់ៗនេះតែម្ដង៕ វឌ្ឍនា