ភ្នំពេញ៖ បុរសអ្នកបើករ៉ឺម៉កកង់បីម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងបើករ៉ឺម៉កកង់បីហើយត្រូវរថយន្តកុងតឺន័រមួយគ្រឿងបានបើកមកឈប់បញ្ច្រាសបុកចំពីមុខពេញទំហឹងនិងអូសជាង៣០ម៉ែត្រ។
ហេតុការណ៍នេះកើតនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចខាងលិចរង្វង់មូលចោមចៅ៥០ម៉ែត្រ តាមបណ្តោយផ្លូវជាតិ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តកុងតឺន័រមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខតាកែវ 3A-1682 បើកចេញពីរង្វង់មូលចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៤ទិសដៅពីកើតទៅលិចលុះបើកបាន៥០ម៉ែត្រពីរង្វង់មូល រថយន្តបានឆ្លងមកខាងឆ្វេងដៃវិញ(បញ្ច្រាសទិសចរាចរណ៍) ហើយបានជ្រុលបុករ៉ឺម៉កកង់បីមួយគ្រឿងបើកដោយបុរសម្នាក់តាមបណ្តោយផ្លូវជាតិ៤ទិសដៅលិចទៅកើតនិងអូសជាង៣០ម៉ែត្របណ្តាលឲ្យអ្នកបើករ៉ឺម៉ករងរបួសធ្ងន់ រីឯរ៉ឺម៉កគៀបជាប់នៅខាងក្រោមរថយន្តតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះម្ចាស់រ៉ឺម៉កត្រូវបានរថយន្តបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងរ៉ឺម៉កកង់បី សមត្ថកិច្ចជំនាញចរាចរខណ្ឌរាយការណ៍ប្រគល់ឲ្យទៅខាងជំនាញចរាចរណ៍រាជធានីធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕ សុខាសែនជ័យ
...