បណ្តាញទូរទស្សន៍ជាតិស៊ីរីបានផ្សាយ ថា កម្លាំងទាហានអាមេរិកបានបាញ់មីស៊ីល Tomahawk ជាបន្តបន្ទាប់ទៅលើទីតាំង ទ័ពអាកាសស៊ីរីបំផ្លាញអាកាសយានដ្ឋាន យោធា។ សកម្មភាពខាងលើត្រូវបានភាគីស៊ីរីចាត់ទុកថាជាសកម្មភាពបង្កឲ្យមានភាព តានតឹងកាន់តែខ្លាំងឡើង។
រដ្ឋាភិបាលស៊ីរីបង្ហាញការខឹងសម្បាយ៉ាងខ្លាំងពីការបាញ់ប្រហារខាងលើរបស់អាមេរិកដោយកាំជ្រួចមីស៊ីលទំនើបចេញពីនាវាចម្បាំងឈរជើងនៅដែនសមុទ្រមេឌីទែរ៉ាណេ ទៅលើទីតាំងទ័ពអាកាសស៊ីរី។ ការវាយប្រហារខាងលើធ្វើឡើងនៅវេលាម៉ោង៨ និង៩យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៧។
ការវាយប្រហារខាងលើគឺជាការតបតទៅនឹងការប្រើអាវុធគីមីរបស់រដ្ឋាភិបាល ស៊ីរីនៅខេត្ត Idlib សម្លាប់មនុស្សជាង ៧០នាក់ និងជាង២០០នាក់ទៀតរង របួស។ អាមេរិក និងប្រទេសលោកខាង លិចបានទម្លាក់កំហុសទៅលើរដ្ឋាភិបាលស៊ីរី ដែលបានប្រើប្រាស់អាវុធគីមី។ ប៉ុន្តែ រដ្ឋាភិបាលស៊ីរីបានច្រានចោលការចោទប្រកាន់ទាំងនោះ។
នៅក្នុងការវាយប្រហារដោយមីស៊ីលយ៉ាងចាស់ដៃទៅលើប្រទេសស៊ីរីនោះមកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការស្លាប់ ឬរងរបួសនៅឡើយ។ មន្ត្រីអាមេរិកបាននិយាយទៅកាន់សារព័ត៌មាន NBC ថាការបាញ់មីស៊ីលខាងលើគឺសំដៅ ទៅលើយន្តហោះ និងហេដ្ឋារចនាសម្ពន្ធ ក្នុងនោះមានផ្លូវហោះហើររបស់ទាហាន អាកាសស៊ីរី។
មានប្រសាសន៍ពីតំបន់ Mar a Lago ដែលជាកន្លែងទទួលស្វាគមន៍មេដឹកនាំ ចិន ស៊ី ជីងពីង លោក ត្រាំ បានបញ្ជាក់ថា ប្រធានាធិបតីស៊ីរី បាសា អាល់អាសាដបាន ប្រើប្រាស់អាវុធគីមីសម្លាប់ពលរដ្ឋស្លូតត្រង់ ជាច្រើន។ ទាំងនោះហើយទើបលោក ចេញបញ្ជាឲ្យវាយប្រហារទៅលើទីតាំងយោធារបស់ស៊ីរី ក្នុងនោះមានទីតាំងទ័ព អាកាសផងដែរ។
រដ្ឋាភិបាលអាមេរិកក៏បានប្រកាសផងដែរថា នៅមុនពេលបាញ់ប្រហារអាមេរិកបានផ្តល់ដំណឹងដល់ភាគីរុស្ស៊ីជាមុនផងដែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានបញ្ជាក់ថា រុស្ស៊ីបាន បរាជ័យនៅក្នុងការអនុវត្តភារកិច្ចរបស់ខ្លួននៅក្នុងប្រទេសស៊ីរី។
កន្លងមកប្រព័ន្ធផ្សព្វផ្សាយនានារបស់អាមេរិកបានផ្សាយថា ប្រធានាធិបតី ត្រាំ បានចេញបញ្ជាឲ្យបើកការវាយប្រហារ ដោយមីស៊ីលទៅលើទីតាំងយោធារបស់ស៊ីរី។ ភ្លាមៗនោះទាហានអាមេរិកក៏បានបើកប្រតិបត្តិការបាញ់ប្រហារដោយបានបាញ់មីស៊ីលជិត៧០គ្រាប់ទៅលើទីតាំង ទាហានអាកាសស៊ីរី។
នេះជាលើកទី១ហើយដែលអាមេរិក បើកការវាយប្រហារទៅលើទីតាំងយោធា របស់ប្រធានាធិបតីស៊ីរី បាសា អាល់អា សាដ ចាប់តាំងពីសង្គ្រាមស៊ីវិលផ្ទុះឡើង។
ហេតុការណ៍ខាងលើគឺជាចំណុចចាប់ផ្តើមនៃសង្គ្រាមទ្រង់ទ្រាយធំនៅស៊ីរី ហើយអាមេរិកអាចប្រឈមមុខផ្ទាល់ជាមួយរុស្ស៊ី និងអុីរ៉ង់នៅទីនោះ។
នៅពេលនេះដែរទាហានស៊ីរីមិនទាន់មានប្រតិកម្មតបតវិញចំពោះការវាយ ប្រហាររបស់អាមេរិកនៅឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី