ខេត្តព្រះវិហារ ៖ «អ្នកបើកបរមិនត្រូវលើសល្បឿនកំណត់ មិនត្រូវបើកបរក្នុងស្ថានភាពក្រោមឥទ្ធិពលគ្រឿងស្រវឹងដាច់ខាត និងមិនត្រូវបើកបរស្ថិតក្នុងឥទ្ធិពលគ្រឿងញៀន កុំបើកបរក្នុងស្ថានភាពងងុយដេក ហើយនៅពេលបើកបរត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព បើកបរប្រកាន់ស្តាំ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងប្រុងប្រយត្ន័ជានិច្ច ថ្ងៃនេះថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍ » លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០ ក្រោមប្រធានបទ «រួមគ្នាគាំទ្ររិតបន្តឹងអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក» ។
ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីភាពលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម អស់លោក លោកស្រី មន្រ្តីពាក់ព័ន្ធ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងនៅមន្ទីរសាធារណៈការខេត្តព្រះវិហារ ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តនឹងជាអនុប្រធានប្រចាំការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារបានឲ្យដឹងថា អាស្រ័យដោយមានការគិតគូរយ៉ាងម៉ត់ចត់និងត្រៀមលក្ខណៈបានយ៉ាងល្អប្រសើរ ព្រមទាំងការរៀបចំផែនការហ្វឹកហ្វឺនកងកំលាំង និងមធ្យោបាយអនុគណៈកម្មាការសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានធ្វើការរឹតបន្ដឹងនិងអនុវត្តច្បាប់ស្ដីពីចរារណ៍ផ្លូវគោកថ្មីក្នុងរយៈពេល១ខែកន្លងមកនេះ ទទួលបានលទ្ធផលដូចខាងក្រោម៖ទិន្នន័យគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ កងកំលាំងនគរបាលចរាចរណ៍បានធ្វើការត្រួតពិនិត្យយានយន្តសរុបចំនួន១៤,៧០៩គ្រឿង ( ម៉ូតូ៥៣%) បានរកឃើញយានយន្តល្មើសសរុបចំនួន៤,៤៥៥គ្រឿង ស្មើ ៣០% និងម៉ូតូ ២,៩២០គ្រឿង ស្មើ ៦៦% ធ្ធើការអប់រំបានចំនួន២,០២៤គ្រឿងស្មើរ ៤៥% ធ្ធើការផាកពិន័យបានចំនួន២,៤៣១គ្រឿង ស្មើនឹងទឹកប្រាក់៥៨,២០៥,០០០រៀល ។
លោក ប្រធានមន្ទីរសាធារណៈការបានបន្តថា ក្នុងរយៈពេល៣ខែកន្លងមកនេះ បន្ទាប់ពីកងកំលាំងនគរបាលចរាចរណ៍ ធ្វើការរឹតបន្តឹងនិងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ដោយម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានប្រជាពលរដ្ឋមួយចំនួនធំ មានការភ្ញាក់រលឹកយកយានយន្តមកចុះបញ្ជី ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ធ្វើលិខិតអនុញ្ញាតិអាជីវកម្មនិងមកដាក់ពាក្យសុំប្រលងយកប័ណ្ណបើកបរយានយន្ត នៅមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ រួមមាន៖ ចុះបញ្ជីទោចក្រយានយន្ត ចំនួន៥៥៩គ្រឿង ,ចុះបញ្ជីរថយន្ត ចំនួន២៦គ្រឿង , ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំនួន៣១២គ្រឿង , ផ្ដល់លិខិតអនុញ្ញាតិយានយន្តធ្វើអាជីវកម្ម ចំនួន១៤៧គ្រឿង ,ផ្ដំល់ប័ណ្ណបើកបរយានយន្តចំនួន១០៧គ្រឿង។
លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារនឹងជាប្រធានគណៈកម្មាការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបានឲ្យដឹងថា «ការរៀបចំប្រារព្វទិវាសប្ដាហ៍ជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោកលើកទី១០ នាពេលនេះ គឺជាការគាំទ្រ និងចូលរួមអនុវត្តតាមសេចក្ដីសំរេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកំណត់យកថ្ងៃទី០៧ដល់ថ្ងៃទី១៤ខែមេសារៀងរាល់ឆ្នាំ ជាទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងកើតឡើងអត់ឈប់ឈរ »។
លោកអភិបាលខេត្តបន្តថា ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សំដៅដាស់ស្មារតីប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ផ្លូវសាធារណៈឲ្យមានការភ្ញាក់រលឹកខ្ពស់គោរព ច្បាប់ចរាចរណ៍ រួមចំណែកឈានទៅទប់ស្កាត់ នឹងកាត់បន្ថយគ្រោះថ្នាក់ចរារណ៍ឲ្យមកកំរិតទាបបំផុត ត្រូវជួយអប់រំដល់ក្រុមគ្រួសារ បងប្អូននិងញ្ញាតិមិត្តឲ្យគោរពច្បាប់ដើម្បីសុវត្តិភាពទាំងអស់គ្នា ៕ ដោយ ៖ វណ្ណះ