ភ្នំពេញ៖ ក្មេងស្ទាវមួយក្រុមដេញវាយគ្នានៅមុខពេទ្យរុស្សីពេញផ្លូវត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកដេញចាប់ឃាត់ខ្លួនបាន ក្មេងស្ទាវ២នាក់ ចំណែកមួយក្រុមទៀតជិះម៉ូតូគេចខ្លួនបាត់។
ករណីក្មេងស្ទាវដេញវាយគ្នានេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ នៅចំណុចមុខមន្ទីរពេទ្យរុស្សី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្មេងស្ទាវខាងលើទី១មានឈ្មោះ តា ដា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស និងទី២ឈ្មោះ ហួរ វិចត្រ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរសិស្ស។
បើតាមសម្ដីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងនគរបាលទំនប់ទឹកកំពុងល្បាតក្នុងមូលដ្នានរបស់ខ្លួន ស្រាប់តែមានក្មេងស្ទាវមួយក្រុម ជិះម៉ូតូ៤គ្រឿងកំពុងវាយគ្នា ខណៈនោះកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកបានហៅឲ្យឈប់តែក្រុមក្មេងស្ទាវមិនព្រមឈប់ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកដេញចាប់រហូតដល់ផ្លូវលេខ១៣៤ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ទើបសមត្ថកិច្ចឃាត់ខ្លួនបានក្មេងស្ទាវ២នាក់រួមនឹងម៉ូតូមួយគ្រឿងម៉ាកឡែត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1FK-0243 ផងដែរ ចំណែកក្រុមក្មេងស្ទាវផ្សេងទៀតនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។
បច្ចុប្បន្នជនទាំង២នាក់ខាងលើត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមផ្លូវច្បាប់៕ ស រស្មី
...