ភ្នំពេញ៖ មនុស្សប្រុសស្រី១២នាក់ ត្រូវបានសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌសែនសុខរកឃើញនិងឃាត់ខ្លួន នៅក្នុងផ្ទះសំណាក់ “ហូលីដេសែនសុខ” ដែលកំពុងតែពពាក់ពពួនគ្នាជក់ថ្នាំញៀន មានទីតាំងនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧។
លោក គួក សុខហួរ អធិការរងខណ្ឌសែនសុខទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានប្រាប់ថា ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះធ្វើឡើង ក្នុងរូបភាពចុះធ្វើរដ្ឋបាលត្រួតពិនិត្យតាមផ្ទះជួលនិងផ្ទះសំណាក់ដើម្បីភូមិ-សង្កាត់មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមការណែនាំរបស់ថ្នាក់លើ។ លោកបន្តថា ខណៈពេលចុះមកត្រួតពិនិត្យដល់ផ្ទះសំណាក់ ហូលីដេ សែនសុខ ឆែកឆេររកឃើញក្រុមយុវជនទាំងនេះស្នាក់នៅផ្តុំគ្នាតាមបន្ទប់ជួលដោយមានឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនផងក៏នាំមកសាកសួរនិងធ្វើការឃាត់ខ្លួនពួកគេ បន្ទាប់ពីរកឃើញមានសញ្ញាផ្ទុកនូវសារធាតុញៀននៅក្នុងទឹកនោមពួកគេ។
ក្រុមយុវជនទាំង១២នាក់នោះមានម្នាក់ជាមនុស្សស្រីឈ្មោះ ម៉ា ចន្ថា អាយុ២០ឆ្នាំ និង១១នាក់ទៀតសុទ្ធតែជាបុរស ដែលមានទី១ឈ្មោះ លី គឹមហ៊ុយ អាយុ២៩ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ឡាន មានទីលំនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទី២ឈ្មោះ ចិត្រា អាយុ២០ឆ្នាំ មុខរបរជាងជួលជុលរថយន្ត មានទីលំនៅ ម្តុំសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទី៣ឈ្មោះ សឹម សម្ផស្ស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅ ភូមិសំបួរមាស ខណ្ឌដង្កោ។ ទី៤ឈ្មោះតូ ទីណាល់ អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត មានទីលំនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ។ ទី៥ឈ្មោះ វ៉ាង អ៊ីហុង អាយុ២៤ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ទី៦ឈ្មោះឈិន ស៊ីថាត អាយុ៣៦ឆ្នាំ មានទីលំនៅស្រុកបាទី ខេត្តតាកែវ។ ទី៧ឈ្មោះអន សាម៉ន អាយុ២០ឆ្នាំ មានទីលំនៅម្តុំសង្កាត់អូរឡាំពិក ខណ្ឌចំការមន។ ទី៨ឈ្មោះខន ស៊្រន់ អាយុ២៣ឆ្នាំ មុខរបរជាងឡានមានទីលំនៅម្តុំផ្សារតូចសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ទី៩ឈ្មោះសុខ វុត្ថា អាយុ២០ឆ្នាំ មុខរបរជាងឡាន មានទីលំនៅសង្កាត់ទួលពង្រ ខណ្ឌដង្កោ។ ទី១០ឈ្មោះសុខ ឧត្តម អាយុ២៩ឆ្នាំ មុខរបរជាងឡាន មានទីលំនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ និងទី១១ឈ្មោះញឹម រ័ត្ន អាយុ២៨ឆ្នាំ មានទីលំនៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ។
ក្រោយពីធ្វើការសួរនាំរួចសមត្ថកិច្ចបានសម្រេចឃុំខ្លួនពួកគេជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងត្រៀមបញ្ជូននៅមណ្ឌលកែប្រែ ដើម្បីធ្វើការអប់រំ និងបន្សាបថ្នាំញៀននៅក្នុងចន្លោះពី៣ខែរហូតដល់៦ខែ ឬ១ឆ្នាំ ដែលអាស្រ័យលើស្ថានភាពនៃឥទ្ធិពលផ្ទុកនូវសារជាតិថ្នាំញៀននៅក្នុងខ្លួនតិចឬច្រើន និងកំរិតប្រសិទ្ធភាពនៃលទ្ធផលការព្យាបាល៕ តុង សីហា
...