ភ្នំពេញ៖ ជនសង្ស័យមានគ្នា៤នាក់ប្រដាក់ដោយកាំភ្លើងនិងកាំបិតបានមកធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីបុរសអ្នករត់ម៉ូតូឌុបម្នាក់ទាំងព្រឹកហើយគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចតាមផ្លូវលំ ស្ថិតនៅក្បែរវត្តគោកបញ្ជាន់ ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយរយៈពេលជាង៥ម៉ោងក្រោយមកទើបធ្វើដំណើរទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីឲ្យនគរបាលជួយអន្តរាគមន៍។
បុរសដែលជាជនរងគ្រោះខាងលើឈ្មោះ ប៉ែន ចន្ធូ អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ និងរត់ម៉ូតូឌុប ស្នាក់នៅក្នុងភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ស្រុកកំណើតនៅក្នុងខេត្តស្វាយរៀង បាត់បង់ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1SG-1712 រួមជាមួយកាបូបដែលមានលុយ១០០ដុល្លារ ,អត្តសញ្ញាណប័ណ្ណ១សន្លឹក និងកាតគ្រីម៉ូតូ១សន្លឹកផងដែរ។
បុរសរងគ្រោះបានរៀបរាប់ប្រាប់នគរបាលថា នៅមុនពេលកើតហេតុខ្លួនបានដឹកម៉ូយម្នាក់ ចេញពីផ្លូវណយប្រ៊ីដកែងនិងផ្លូវវេងស្រេង ស្ថិតនៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឆ្ពោះទៅកាន់ភូមិថ្មគោល សង្កាត់ចោមចៅ ក្នុងតម្លៃ៨០០០រៀល ដោយខណៈនោះខ្លួនមិនបានដឹងថា ជននោះគឺជាចោរនោះឡើយ។ លុះពេលទៅដល់ពាក់កណ្ដាលផ្លូវជនសង្ស័យម្នាក់នោះបានឲ្យឈប់ទិញភេសជ្ជៈបាកាស១កំប៉ុងម្នាក់ផឹក រួចទើបជិះម៉ូតូបន្តដំណើរទៅមុខទៀត។ ពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានធ្វើជាជ្រុះមួក និងបានឲ្យខ្លួនឈប់ម៉ូតូដើម្បីចុះទៅរើសមួក ហើយគ្រាន់តែឈប់បានបន្តិចប៉ុណ្ណោះ ក៏ស្រាប់តែមានជនសង្ស័យ៣នាក់ ទៀតជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់១គ្រឿង និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងទៅដល់ទាញកាំភ្លើងខ្លីនិងកាំបិតភ្ជង់គំរាមបាញ់សម្លាប់ ប្លន់យកម៉ូតូពីជនរងគ្រោះខាងលើ ព្រមទាំងលូកយកកាបូបលុយ និងទូរស័ព្ទដៃ១គ្រឿងរួចគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅសុំការអន្តរាគមន៍៕ សុខាសែនជ័យ
...