ខេត្តកំពង់ឆ្នាំង៖ សរសៃគុយទាវ និង សរសៃបាញ់កាញ់ សរុបជាង១១គីឡូក្រាម ត្រូវបានសមត្ថកិច្ចកាំកុងត្រូលខេត្តកំពង់ ឆ្នាំងដកហូតយកទៅកម្ទេចចោល ក្រោយ ពីបានពិនិត្យឃើញមានសារធាតុគីមី (បូរ៉ាក់) ដែលអាជីវករកំពុងដាក់លក់នៅក្នុងផ្សារ ពង្រ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ។
ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ ឆ្នាំង លោកយីវ ណារិន បានឲ្យដឹងថា ដើម្បីធានាសុវត្ថិភាពចំណីអាហារក្នុងឱកាស បុណ្យចូលឆ្នាំថ្មីនេះសាខាកាំកុងត្រូល សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញប្រភេទបន្លែ ផ្លែ ឈើ ត្រី សាច់ នៅក្នុងផ្សារពង្រ ។ ក្នុងការចុះត្រួតពិនិត្យមន្ត្រីកាំកុងត្រូលបានណែនាំដល់អាជីវករពាណិជ្ជករឲ្យយល់ដឹង និងមានការប្រុងប្រយ័ត្ន ជៀសវាងដាក់ តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា កំប៉ុងក្រពឹត ប៉ោង ច្រែះស៊ី ទំនិញ ដែលមានសារធាតុគីមីហាមឃាត់ និងការរៀបចំទំនិញលក់ដូរទុកឲ្យមានសណ្តាប់ធ្នាប់ទៅតាមប្រភេទទំនិញដោយដាក់ដាច់ ដោយឡែកៗពីគ្នា ។
ជាលទ្ធផលនៃការចុះត្រួតពិនិត្យសមត្ថកិច្ចកាំកុងត្រូលបានរកឃើញសារធាតុគីមីហាមឃាត់ ដាក់នៅក្នុងសរសៃគុយទាវ និង សរសៃបាញ់កាញ់ចំនួន១១,៣គីឡូក្រាម ដែលម្ចាស់អាជីករចំនួន៣នាក់បានផលិត ហើយដាក់លក់នៅទីផ្សារ ។ ក្រោយពីពិនិត្យ ឃើញ សមត្ថកិច្ចកាំកុងត្រូលបានដកហូត និងឲ្យម្ចាស់ធ្វើកិច្ចសន្យាបញ្ឈប់លក់សរសៃ គុយទាវ និងសរសៃបាញ់កាញ់មានសារ ធាតុគីមីនេះ ។
សារធាតុគីមីហាមឃាត់(បូរ៉ាក់)នេះនិងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ទូទៅប៉ះពាល់ដល់ប្រព័ន្ធប្រដាប់រំលាយ អាហារ និងធ្វើឲ្យមនុស្សក្អួតចង្អោរឈឺ ក្បាល ថប់ដង្ហើមអាចឈានទៅបាត់បង់ជីវិតទៀតផង ៕ ចន្ថា