មេតុងទីនម្នាក់អះអាងថា ចោរលបចូលតាមបង្អួចចាប់ចងប្លន់យកប្រាក់ជាង១ពាន់ដុល្លារ តែសមត្ថកិច្ចថាប្រឌិតច្រើនជាង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ប្តីប្រពន្ធម្នាក់បានអះអាងថាមានចោរ២នាក់ពាក់ម៉ាស់លបចូលតាមបង្អួចខាងក្រោយផ្ទះ គ្រាដែលពួកគាត់កំពុងដេកលង់លួក ហើយក្រុមចោរប្លន់បានចាប់ពួកគាត់ចង រួចគម្រាមប្លន់យកប្រាក់ដុល្លារ និងប្រាក់រៀលសរុបជាង១ពាន់ដុល្លារ ដែលលុយនេះទើបប្រមូលពីកូនតុងទីនទុកឲ្យអ្នកដេញបាន។

ករណីដែលប្តីប្រពន្ធអះអាងថាមានចោរចូលប្លន់យកប្រាក់នេះបានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នៅភូមិសំរោងខ្ពស់ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្តីឈ្មោះ គី ស៊ុង អាយុ៦៣ឆ្នាំ រីឯប្រពន្ធឈ្មោះ ស្រេង វណ្ណា អាយុ៥៤ឆ្នាំ មានមុខរបរជាមេតុងទីន រស់នៅភូមិ-ឃុំកើតហេតុ។ ក្រោយពីមានហេតុការណ៍នេះកើតឡើង សមត្ថកិច្ចបានចុះស្រាវជ្រាវ ហើយបើតាមការពិនិត្យនៅកន្លែងកើតហេតុ ករណីខាងលើនេះ សមត្ថកិច្ចអាចសន្និដ្ឋានថា រឿងនេះអាចជារឿងប្រឌិតច្រើនជាងការពិត តែយ៉ាងណាសមត្ថកិច្ចនឹងបន្តស្រាវជ្រាវ ហើយបើរកឃើញថារឿងនេះជារឿងប្រឌិត ជនរងគ្រោះ២នាក់ប្តីប្រពន្ធអាចនឹងប្រឈមចំពោះមុខច្បាប់។

នៅក្នុងរបាយការណ៍ជនរងគ្រោះបានអះអាងថា នៅមុនពេលកើតហេតុពួកគាត់ទាំង២នាក់បាននឹងកំពុងដេកយ៉ាងលង់លក់ និងស្កប់ស្កល់ ពេលនោះមានបុរស២នាក់ប្រដាប់ដោយកាំភ្លើងខ្លី១ដើម តែមមិនស្គាល់ម៉ាក ហើយជនសង្ស័យទាំង២មានពាក់ម៉ាស់បិទមុខពណ៌ខ្មៅ។ នៅពេលចូលទៅដល់ក្នុងផ្ទះ ជនសង្ស័យទាំង២នាក់ភ្ជង់ពួកគាត់មិនឲ្យស្រែក រួចពួកវាចាប់ចងដៃដោយខ្សែរអង្រឹងប្លន់យកលុយ រួចគេចខ្លួនបាត់តែម្តង។

ជនរងគ្រោះខាងលើនេះបានរៀបរាប់ប្រាប់សមត្ថកិច្ចទៀតថា លុយដែលក្រុមចោរប្លន់យកនោះមានលុយដុល្លារ៨០០ដុល្លារ និងលុយខ្មែរ ២៨០០.០០០រៀល ហើយក្រោយពីប្រមូលយកលុយ ក្រុមជនសង្ស័យបានជាន់ពាងផ្លោះចេញតាមបង្អួចក្រោយផ្ទះដែលជនសង្ស័យបានលបចូលមកនោះ រួចគេចខ្លួនបាត់តែម្តង។

មន្រ្តីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺមួយរូបបានបង្ហើបឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែមេសា ថា ក្រោយពីសមត្ថកិច្ចជំនាញបាននាំជនរងគ្រោះមកសួរនាំពេលនេះជនរងគ្រោះបានសារភាពថា ពុំមានករណីចោរចូលប្លន់ទេ តែការដែលពួកគាត់(ជនរងគ្រោះ) ប្រឌិតរឿងនេះឡើង ព្រោះតែជំពាក់គេលុយគេច្រើន ហើយយកលុយដែលប្រមូលពីកូនតុងទីនបាននោះទៅបង្វិលសងគេតែប៉ណ្ណោះ។

មន្រ្តីដដែលនេះបានបន្តថា ស្រ្តីរងគ្រោះ និងប្តីអាចនឹងត្រូវដោះលែងក្រោយការអប់រំ និងធ្វើកិច្ចសន្យា ព្រោះដោយសារប្តីប្រពន្ធខាងលើនេះមានជីវភាពក្រីក្រផង និងវ័យចាស់មានជំងឺផង៕ សេនាស័ក្តិ

...

tra (2) tra (3) tra (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print