ភ្នំពេញ៖ លោក ទេព រិទ្ធីវិទ្ធិ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានសន្យានៅចំពោះមុខប្រធានសហព័ន្ធ កីឡាករកីឡាការិនីនិងក្រុមអ្នកសារព័ត៌មានថា លោកប្តេជ្ញាចិត្តខិតខំពង្រឹងការហ្វឹកហាត់ដល់អត្តពលិកកម្ពុជាសម្រាប់ការប្រកួតក្នុងក្រុម៣នាឆ្នាំក្រោយ ខណៈដែលការ ប្រកួតនៅក្រុម៤កម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ព្រោះមានកីឡាករលេចធ្លោជាងគេ គឺកីឡាករ ឡុង សំនៀងក្នុងព្រឹត្តិ ការណ៍ Davis Cup វគ្គជម្រុះអាស៊ីអូសេអានីក្រុម៤និងបានត្រឡប់មកដល់ប្រទេសកម្ពុជា វិញកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧។
លោក ទេព រិទ្ធីវិទ្ធិ បាននិយាយថា សម្រាប់ការប្រកួត Davis Cup ក្រុមទី៤នេះ កម្ពុជាបានត្រៀមខ្លួនយ៉ាងល្អប្រសើរ ពិសេសកីឡាករមានសុខភាពល្អកម្លាំងពេញបើប្រៀបធៀបកាលពីប្រកួតក្រុមទី៣ឆ្នាំកន្លងទៅ។ លោកបញ្ជាក់ទៀតថា អ្វីដែលពិសេសប្លែកសម្រាប់ឆ្នាំនេះក្រៅពីកីឡាករប៊ុន កេន្នី និង ម៉ម ផល្គុន ដែលជាកីឡាករជើង ចាស់នោះ គឺកីឡាករឡុងសំនៀងបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលនឹកស្មានមិនដល់ក្នុងចំណោម៤ប្រកួតកីឡាករ ឡុង សំនៀង ប្រកួតឈ្នះទាំង៤ប្រកួតផ្ទុយកាលពីឆ្នាំមុនៗពោលគឺរយៈពេល៥ឆ្នាំមកហើយ ឡុង សំនៀង មិនធ្លាប់ទទួលបាន ជ័យជម្នះនោះឡើយ ។
លោកអគ្គលេខាធិការបន្ថែមទៀតថា សម្រាប់ការប្រកួត Davis Cup ក្រុមទី៣នៅ ឆ្នាំក្រោយលោកប្តេជ្ញាចិត្តដាច់ខាតមិនឲ្យ ក្រុមធ្លាក់មកកាន់ក្រុមទី៤វិញទេពោលគឺ រក្សានៅក្រុមទី៣ និងឈានឆ្ពោះទៅកាន់ក្រុមទី២នៅពេលខាងមុខសម្រាប់ Davis Cup ។
លោក ចម ប្រសិទ្ធិ ប្រធានសហព័ន្ធ កីឡាវាយកូនបាល់កម្ពុជាមានប្រសាសន៍លើកឡើងថា សម្រាប់ជ័យជម្នះគឺជាមោទនភាពមួយរបស់ក្រុមកីឡាវាយកូនបាល់កម្ពុជាដែលខិតខំប្រឹងប្រែងអស់រយៈពេលពេញមួយឆ្នាំ។ លោកបន្ថែមទៀតថា កម្ពុជាយើងមានមោទនភាពខ្លាំងណាស់គឺមានតែសម័យតេជោទេ ដែលកីឡាវាយកូនបាល់កម្ពុជាឈានទៅដល់ការប្រកួត Davis Cup ដែលពីដើមកម្ពុជាយើងមិនដែលស្គាល់ឡើយ Davis Cup ។ លោក រំពឹងថា ឆ្នាំក្រោយក្រុមវាយកូនបាល់កម្ពុជានឹងប្រកួតឈ្នះទៀត ដើម្បីឡើងថ្នាក់ទៅកាន់ក្រុមទី២នៃព្រឹត្តិការណ៍ Davis Cup ៕ សារីម