ខេត្តស្វាយរៀង ៖ ចោរមួយក្រុមប្រដាប់ដោយអាវុធកា៥៩មួយដើម បានស្ទាក់បាញ់ប្លន់២គ្រាប់យកខ្សែកមាស៥២ជី ពីប្រជាពលរដ្ឋពីរនាក់ប្តីប្រពន្ធ ខណៈត្រឡប់មកពីប្រទេសវៀតណាម យកលុយថ្លៃបារី តែមិនបានសម្រេច ។
ហេតុការណ៍បាញ់ប្លន់យកមាសខាងលើ បានកើតឡើងនៅក្នុងភូមិសាស្រ្តភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ត្រង់ចំណុចចន្លោះបង្គោលព្រំដែនលេខ២២០ និងលេខ២២១ កាលពីវេលាម៉ោង១៣និង៥នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២៩១៧ ។
សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ តី ភឿន អាយុ៤៩ឆ្នាំ (ត្រូវជាប្តី) និង ឈ្មោះ ឡី ថូ អាយុ៤២ឆ្នាំ (ត្រូវជាប្រពន្ធ) ។ អ្នកទាំងពីរមានទីលំនៅភូមិប្រចន្ទ្រា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ។
សមត្ថកិច្ចបានឲ្យដឹងបន្តថា ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលព្រំដែននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយក្រាំង និងយោធាព្រំដែន សហការជាមួយកម្លាំងកងទ័ពការ ពារព្រំដែនវៀតណាមប៉ុស្តិ៍៨៨៥ បានស្ទាក់បង្ក្រាបករណីប្លន់នេះបានជោគជ័យ ។ ដោយឃាត់ខ្លួនឈ្មោះ សៀង គឹមហួត ប្រុស អាយុ៥០ឆ្នាំ នៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង វេលាម៉ោង១៣:៤៥ នាទី និងឃាត់ខ្លួនឈ្មោះ ទេព ភិរុណ ប្រុស អាយុ ៣៥ ឆ្នាំ នៅភូមិ០៦៩ ស/ក វាលវង់ ខណ្ឌ៧ មករារាជធានីភ្នំពេញ វេលាម៉ោង ១៤:៣០ ។
វត្ថុតាងប្រមូលបានមាស២២ជី អាវុធខ្លីធុនកា៥៩ មួយដើម បង់១គ្រាប់ ២គ្រាប់ សំបកគ្រាប់ ២ សំបក ថ្នាំម្សៅពណ៌ស១ប្រអប់ ថ្នាំគ្រាប់ពណ៌ខៀវ ១គ្រប់ ទូរស័ព្ទដៃ២គ្រឿង និងរថយន្តToyotaCamry សេរីឆ្នាំ ១៩៩៤ ពណ៌ស ១គ្រឿង ផ្លាកលេខបាត់ដំបង2A- 0133 ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ដោយ ៖ វណ្ណះ