ខេត្តកំពត ៖ ផ្លូវលំមួយខ្សែប្រវែងប្រមាណ២៣គីឡូម៉ែត្រចាប់ពីថ្នល់បំបែករហូតដល់ក្បាលថ្នល់វត្តស្រែប្រាំងបានរងការខូចខាតស្ទើរទាំងស្រុងពិបាកក្នុងការធ្វើដំណើរដែលជាកង្វល់របស់ប្រជាពលរដ្ឋចំនួន៤ឃុំ ចំណុះឲ្យស្រុកកំពង់ត្រាច ខេត្តកំពតដែល ធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវមួយនេះ មានការត្អូញត្អែរយ៉ាងខ្លាំងហើយបានស្នើសុំឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ខេត្តកំពតជាពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពតមេត្តាជួយចុះពិនិត្យនិងធ្វើការជួសជុលឡើងវិញដើម្បីឲ្យពួកគាត់បានធ្វើដំណើរ បានស្រួលផង ។
ផ្លូវលំក្រាលក្រួសក្រហមមួយខ្សែនេះមានប្រវែងប្រមាណ២៣គីឡូម៉ែត្រ ដែល ប្រជាពលរដ្ឋត្រូវធ្វើដំណើរឆ្លងកាត់នោះមានចំនួន៤ឃុំ ទី១ឃុំឫស្សីស្រុកខាងកើត ទី២ ឃុំឫស្សីស្រុកខាងលិច ទី៣ឃុំបឹងសាលា ខាងជើង និងទី៤ រហូតទៅដល់ភូមិកោះ ចម្ការឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ ត្រាច ខេត្តកំពតជាប់ព្រំប្រទល់ប្រទេសវៀតណាមតែម្តង ។
ប្រជាពលរដ្ឋចំនួន៤ឃុំបានស្នើឲ្យ អាជ្ញាធរស្រុកកំពង់ត្រាចជាពិសេសលោក អភិបាលស្រុកក៏ដូចជាលោកអភិបាលខេត្តនិងលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពតមេត្តាធ្វើយ៉ាងណាជួយ ជួសជុលនិងស្ថាបនាផ្លូវមួយខ្សែនេះឡើង វិញផងព្រោះថាបច្ចុប្បន្ននេះកំពុងរងការខូចខាតស្ទើរតែទាំងស្រុងហើយរាល់ការធ្វើ ដំណើរតាមរថយន្តក្តីតាមម៉ូតូក្តីគឺមានការ ពិបាកខ្លាំងណាស់ព្រោះមានជង្ហុកធំៗដក់ដោយទឹកភ្លៀងផង ។
ប្រជាពលរដ្ឋរស់នៅភូមិកោះចម្ការឃុំ បឹងសាលាខាងត្បូងបានឲ្យដឹងថាកន្លង មកលោកអភិបាលខេត្តកំពតនិងលោក អភិបាលស្រុកកំពង់ត្រាចបានចុះទៅបើក វេទិកាសាធារណៈនៅចំណុចតាមទួលពោធិ៍ហើយបានសន្យាថានឹងធ្វើផ្លូវនេះជូនពលរដ្ឋនៅខែកុម្ភៈកន្លងទៅដើម្បីងាយស្រួល ធ្វើដំណើរ ប៉ុន្តែរហូតមកដល់ខែមេសាទៅ ហើយនៅតែមិនទាន់ធ្វើទៀត ។ ដូច្នេះហើយ ទើបពួកគាត់បានសំណូមពរយ៉ាងទទូចដល់លោកប្រធានមន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តកំពតមេត្តាចុះទៅពិនិត្យនិងជួស ជុលផ្លូវខាងលើនេះផង ។
យ៉ាងណាប្រជាពលរដ្ឋទាំងបួនឃុំហាក់ដូចជាគ្មានជំនឿទៅលើលោកអភិបាលស្រុកកំពង់ត្រាចនិងលោកអភិបាលខេត្ត កំពតទេ ជាពិសេសលោកប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តកំពតដែលពុំសូវគិតគូរពីការស្នើសុំឲ្យជួយធ្វើផ្លូវលំក្រាលក្រួសក្រហមមួយខ្សែខាងលើនេះ ដែលជាផ្លូវសំខាន់ក្នុងការដឹកជញ្ជួនកសិ ផលរបស់ពួកគាត់និងផលដំណាំដែលដាំដុះបានយកទៅលក់នៅវៀតណាមជួយ សម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ ។
មិនតែប៉ុណ្ណោះពួកគាត់បានលើកឡើងថានៅក្នុងភូមិកោះចំការ ឃុំបឹងសាលាខាងត្បូងនេះនៅតំបន់អន្លង់ព្រីងគឺជាតំបន់ទេសចរណ៍មួយដ៏សំខាន់ដែលមានឈ្មោះថា តំបន់អភិរក្សសត្វស្លាបបឹងអន្លង់ព្រីង គឺជាកន្លែងដែលសម្បូរទៅដោយសត្វស្លាបជាច្រើនមករស់នៅក្នុងបឹងនោះជាពិសេសគឺសត្វក្រៀលតែម្តងដែលមានភាពទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកទស្សនា។ប៉ុន្តែអ្វីដែលធ្វើឲ្យភ្ញៀវទេសចរមានការត្អូញត្អែរក្នុងការទៅទស្សនានោះគឺបញ្ហាផ្លូវចូលទៅ តំបន់នោះមានការពិបាកខ្លាំង ។ ដូច្នេះ ហើយសូមអាជ្ញាធរពាក់ព័ន្ធទាំង អស់នៅ ក្នុងខេត្តកំពតមេត្តាចុះទៅពិនិត្យ និងជួស ជុលផ្លូវនេះតាមសំណើប្រជាពលរដ្ឋផង ៕ តុង សីហា