ការធ្វើសមយុទ្ធរបស់អាមេរិក កូរ៉េខាង ត្បូងនិងជប៉ុនគឺជាហេតុ បណ្តាលឲ្យ កូរ៉េ ខាងជើង ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ត្រៀមលក្ខណៈទប់ទល់នឹងអ្វី ដែលទីក្រុងព្យុងយ៉ាងបានអះអាងថាជាគម្រោង ឈ្លានពានទឹកដីកូរ៉េខាងជើង។ កន្លងមក រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏ធ្លាប់បានស្នើ អាមេរិកនិងកូរ៉េខាងត្បូង បញ្ចប់សកម្មភាពធ្វើសមយុទ្ធជាការដោះដូរនឹង ការបញ្ឈប់ កម្មវិធីបរមាណូ ។
កន្លងមកថ្មីៗ កងកម្លាំងជើងអាកាស អាមេរិក ១ពាន់នាក់ និងយន្ដហោះចម្បាំង រាប់រយគ្រឿង បាននិងកំពុងធ្វើការហាត់ សមជាមួយនឹងកងកម្លាំងជើងអាកាសកូរ៉េខាងត្បូង ដើម្បីធានាបាននូវការត្រៀមខ្លួន រួចជាស្រេចរបស់ពួក គេប្រឆាំងនឹងការ បង្កហេតុ ពីប្រទេសផ្ដាច់ការកូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយ របស់ទី ភ្នាក់ងារ សារព័ត៌មានយុនហាប់។
នៅក្នុងសមយុទ្ធដែនអាកាសនេះដែរ ក៏មានការចូលរួមពីក្រុម អ្នកបើកយន្ដហោះចម្បាំង F-16s ចេញពីអង្គភាពជាច្រើន ផ្សេងគ្នា ដែលអ្នកទាំងនោះ មានមូលដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូង និងជប៉ុន ហើយប្រទេសកូរ៉េខាងត្បូង ក៏បានដាក់ ពង្រាយ បុគ្គលិកយោធារបស់ខ្លួនប្រមាណ ៥០០នាក់ផងដែរ ដែលជាអ្នកបើកយន្ដហោះចម្បាំងប្រភេទ F-15K, F-16, F5E និង F-4E រួមទាំងកងកម្លាំងជើងអាកាស របស់យន្ដហោះចម្បាំងជាច្រើនទៀត នៅក្នុងប្រតិបត្តិការហ្វឹកហាត់នោះ។
ការហ្វឹកហាត់ វាយប្រហារតាមដែន អាកាស របស់សម្ពន្ធមិត្តទាំងពីរ ធ្វើឡើងក្នុងរយៈពេល ២សប្ដាហ៍ ដែល ធ្វើការហោះហើរយ៉ាងទៀងទាត់ នៅ លើទឹកដីនៃប្រទេសកូរ៉េខាងត្បូង ដែល គ្រោងនឹងធ្វើឡើង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ ស្ថិតនៅមូលដ្ឋាន ទ័ពអាកាសគុនសាន តំបន់ភាគនិរតីនៃ ឧបទ្វីបកូរ៉េ ស្របពេលដែលឧបទ្វីបមួយ នេះ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារតែភាពគឃ្លើនរបស់ របប ផ្ដាច់ការកូរ៉េខាងជើង ដែលមិនព្រមបោះ បង់អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន៕
ប្រែសម្រួល៖ ម៉ែវ សាធី