ភ្នំពេញ៖ អនីតិជន៣នាក់ត្រូវកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ១គ្រឿងពីយុវជនម្នាក់បានសម្រេចតែរត់មិនរួចត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមចាប់ជាប់ បង្កការភា្ញក់ផ្អើលនៅវេលាម៉ោង២និង២០នាទីថ្ងៃ២១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យជាអនីតិជនមានទី១មានឈ្មោះ ឃឿន ដាវីត ភេទប្រុស អាយុ៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំទួលគោក។ ទី២ជនសង្ស័យមានឈ្មោះ វ៉ាត វិសាល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំទួលគោក និងទី៣ជនសង្ស័យមានឈ្មោះ វណ្ណា សុីថា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំទួលគោក។ ចំណែកជនរងគ្រោះមានឈ្មោះ ពឿន សាលីណាវីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំវត្តសន្សំកុសល។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឮតាមវិទ្យុទាក់ទងថា មានចោរឆក់ទូរសព្ទ័ដៃ១គ្រឿងពីបុរសម្នាក់ដែលជិះម៉ូតូម៉ាកZoomer X ពណ៌ខ្មៅ ស៊េរី២០១៧ ស្លាកលេខភ្នំពេញ 1FB-9863 បានសម្រេចនៅចំណុចកើតហេតុខាងលើ ជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកវេវ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CT-5948 មកខណៈពេលនោះក៏ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករាកំពុងល្បាតបានដេញចាប់បានភ្លាមៗធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោក៏ដួលទៅលើផ្លូវរងរបួសបែកមុខបែកមាត់តែម្តង។
ក្រោយកើតហេតុជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ៧មករាបាននាំខ្លួនទៅអធិការដ្នាននគរបាលខណ្ឌទួលគោកដើម្បីចាក់ការតាមច្បាប់ ។ ចំណែកទូរសព្ទដៃម៉ាកiPhone 6s Plus ពណ៌ផ្កាឈូក ត្រូវសមត្ថកិច្ចបានធ្វើការដកហូតនិងប្រគល់ឲ្យជនរងគ្រោះវិញ ៕ ស រស្មី