ខេត្តបាត់ដំបង ៖ លំនៅឋានរបស់ពល រដ្ឋមួយខ្នងក្នុងចំណោមផ្ទះប្រមាណជាង ១០ខ្នង ត្រូវបានកម្លាំងដែនជម្រកសត្វព្រៃ ភ្នំសំកុសប្រើប្រាស់រថយន្តទាញផ្តួលរំលំ ចោល បន្ទាប់ពីម្ចាស់ផ្ទះបានលួចសាងសង់ នៅក្នុងតំបន់ហាមឃាត់ ដែលជាតំបន់ គ្រប់គ្រងដោយក្រសួងបរិស្ថាន កាលពី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុច ច្រកចង្អៀត ក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។ លំនៅឋាននេះមានតែគ្រោងផ្ទះធ្វើអំពីឈើ និងប្រក់ ស័ង្កសីដោយមិនទាន់មានការបាំងបិទ ជញ្ជាំងនៅឡើយ ។
ប្រភពនៅកន្លែងកម្ទេចផ្ទះបានឲ្យដឹងថានៅក្នុងតំបន់នេះគឺមានផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបានសាងសង់ឡើងដោយមិន មានការអនុញ្ញាតពីអង្គភាពជំនាញណា ឡើយ ទោះពួកគេយល់ថា ដីនៅក្នុងតំបន់ខាងលើនេះគឺជាតំបន់ហាមឃាត់ក៏ដោយ ។ ពលរដ្ឋនៅតំបន់នេះឲ្យដឹងថា នៅមុនពេលកើតហេតុគឺគេបានឃើញកម្លាំងដែនជម្រកសត្វព្រៃ ភ្នំសំកុសចំនួន៤នាក់បានប្រើប្រាស់ រថយន្តម៉ាកហ៊ីយ៉ាន់ ដាយ ចងអូសផ្ទះមួយ ខ្នងដែលមានទំហំ៦គុណ៧ម៉ែត្រជាកម្មសិទ្ធិ របស់ប្រជាពលរដ្ឋឈ្មោះ ហេង សុជាតិ និង ប្រពន្ធឈ្មោះ មោក ចិន្តា មានកូន២នាក់ ហើយការទាញផ្តួលរំលំនេះគឺគេបានធ្វើ ឡើងស្របពេលដែលម្ចាស់ផ្ទះនាំកូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលជំងឺ ។
ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់បានមករស់នៅយូរឆ្នាំមកហើយនៅតំបន់នោះ ។
ដោយឡែកលោក រ៉ុង ភ័ក្ត្រ ប្រធានស្នាក់ការដែនជម្រកសត្វព្រៃភ្នំសំកុសប្រចាំ ស្រុកសំឡូតបានលើកឡើងថាភូមិសាស្ត្រខាង
លើនេះ គឺជាដែនអភិរក្សរបស់ក្រសួង បរិស្ថាន ហើយក៏មិនអនុញ្ញាតឲ្យនរណា ម្នាក់ទៅសាងសង់លំនៅឋាន ឬក៏ទន្ទ្រានយកដីមកកាន់កាប់ធ្វើជាកម្មសិទ្ធិឯកជនបានឡើយ ។
លោកបន្តថា លំនៅឋានអនាធិបតេយ្យប្រមាណជាង១០ខ្នងរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់នេះមួយចំនួន គឺជារបស់ សមត្ថកិច្ច ប៉ុន្តែទោះបីជាយ៉ាង នេះក្តីលោក បានរាយការណ៍ទៅក្រសួង ហើយដើម្បីសុំគោលការណ៍រួចរាល់ហើយនឹងចាប់ ផ្តើមប្រើកណ្តាប់ដៃដែក បន្ទាប់ពីកម្លាំង បានជូនដំណឹងឲ្យគេរុះរើចេញជាច្រើន លើកច្រើនសារួចមក ។ ឯផ្ទះមួយខ្នងដែលកម្លាំងបានទាញផ្តួលរំលំនេះ គឺគេទើបនឹង សាងសង់ថ្មីឡើងនៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ខណៈដែលមន្ត្រីបរិស្ថានទៅលេង ស្រុក ។
លោកបានបន្តថា លោកនឹងធ្វើជា បណ្តើរៗ ទៅលើលំនៅឋានណាដែលរឹង ទទឹងមិនព្រមរុះរើចេញពីតំបន់ដែនជម្រកសត្វព្រៃ ព្រោះតំបន់នេះជាតំបន់ហាមឃាត់ ទោះបីជាលំនៅឋានមួយចំនួនជារបស់ សមត្ថកិច្ចក៏ដោយ ៕