ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមនុស្សក្មេងចាស់ស្រីប្រុសចំនួន ១៤នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកបង្កាន់ដៃស្ពាន ពេលត្រឡប់មកពីលេងកម្សាន្តរមណីយ៍ដ្ឋានទឹកធ្លាក់ច្រកល្អៀង នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចស្ពាន ១២០ ស្ថិតក្នុងភូមិចាមចាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា រថយន្តបង្កម៉ាក សាំយ៉ុង ចង្កូតឆ្វេង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AC 5741 បើកបរដោយឈ្មោះ និល ផល្លា ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំផ្សារ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានរេចង្កូតបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្ដាលឲ្យអ្នករួមដំណើរទាំងក្មេងទាំងចាស់ក្នុងរថយន្តទាំងអស់រងរបួសរដូករណេលតែម្តង។
លោក វរសេនីយ៍ត្រីបន្តថា ក្នុងចំណោមជនរងរបួសទាំងចំនួន ១៤នាក់ របួស(ធ្ងន់)ចំនួន ១០នាក់ ស្រីចំនួន ១០នាក់ របួសស្រាលចំនួន ០៤នាក់ ស្រីចំនួន ០១នាក់ ជនរងរបួសទាំងចំនួន ១៤នាក់ទាំងអស់ មានទីលំឯស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង។
លោក អធិការនគរបាលស្រុកបន្តទៀតថា ជនរងរបួសទាំងអស់រថយន្តសង្រ្គោះខេត្តកំពង់ឆ្នាំង ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចំណែករថយន្តបង្កបានរក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ បឹុម ពិន