ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយកើតឡើងទាំងយប់ បន្ទាប់ពីមានស្ត្រីម្នាក់ដែលគេសង្ស័យថាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោយនៅសុខៗស្រាប់តែរត់ចូលរថយន្ត និងបម្រុងលោតទឹកសម្លាប់ខ្លួនកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងែទី២៣ ខែមេសា ឆ្នាំ២០១៧នៅ ចំណុចគល់ស្ពានជ្រោយចង្វាប៉ែកខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់ឈ្មោះ ពេជ្រ ចន្ធី អាយុ៣២ឆ្នាំ មុខរបរ អ្នកធ្វើក្រចក នៅផ្សារក្នុងរាជធានីមួយកន្លែង បានដើរសំដៅទៅលើស្ពានជ្រោយចង្វាហើយបានរត់ចូលរថយន្តដែលកំពុងតែធ្វើដំណើរតាមបណ្តោយផ្លូវនោះ ប៉ុន្តែត្រូវបានអ្នកបើកបររថយន្តនោះជាន់ហ្វ្រាំងទាន់។ ភ្លាមនោះក្រោយពីរត់ចូលរថយន្តមិនសម្រេច ស្ត្រីរូបនេះបែរជាព្យាយាមតោងបង្កាន់ដៃស្ពាន បម្រុងលោតទឹកសម្លាប់ខ្លួនទៀត ប៉ុន្តែត្រូវបានប្រជាពលរដ្ឋចាប់ទាញដៃទាន់។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅពេលប្រជាពលរដ្ឋនាំគ្នារារាំងមិនឲ្យធ្វើអត្តឃាត នោះ ស្ត្រីខាងលើបានឈ្លោះប្រកែកជាមួយប្រជាពលរដ្ឋនៅកន្លែងកើតហេតុទៀតផង ជាហេតុ បង្កឲ្យមានការផ្អើលពេញផ្លូវនិង ផ្អើលដល់សមត្ថកិច្ចបានចុះមកភ្លាមៗ ដើម្បីឃាត់ខ្លួនគាត់យកទៅ សាកសួរ និង ណែនាំ ដើម្បីកុំឲ្យគាត់ធ្វើបែបនេះ តែស្ត្រីម្នាក់នេះនៅតែមិនស្ដាប់ហើយបានរត់ទៅពីមុខរថយន្តដើម្បីបញ្ចប់ជីវិតម្តងទៀត តែត្រូវសមត្ថកិច្ចចាប់ទាន់ និងទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកជាបន្ទាន់។
បើតាមស្រី្តម្នាក់ដែលរស់នៅក្បែរផ្ទះស្ត្រីមានវិបត្តិខាងលើ បាននិយាយប្រាប់ថា ស្រី្តរងគ្រោះគិតខ្លីបែបនេះ ដោយសារតែកន្លងមកគាត់លែងលះជាមួយប្ដីជាជនជាតិវៀតណាម អស់រយ:ពេល៨ឆ្នាំមកហើយ។ក្រោយមកប្ដីបានមកលួចយកកូនប្រុសអាយុប្រហែល៦ឆ្នាំ ទៅនៅឯប្រទេសវៀតណាមជាមួយបាត់។ យ៉ាងណាស្រី្តរូបនេះនៅតែផ្ញើលុយទៅឲ្យកូនដើម្បីឲ្យម៉ែក្មេកជួយមើលថែកូនហើយនៅយប់ថ្ងៃកើតហេតុគាត់បាននិយាយទូរស័ព្ទជាមួយម្ដាយក្មេក ហើយម្ដាយក្មេកបានសុំឲ្យផ្ញើលុយទៅឲ្យកូនដើម្បីបង់ថ្លៃសាលារៀននៅឯប្រទេសវៀតណាម តែគាត់បានប្រាប់ថាគាត់គ្មានលុយទេ។បន្ទាប់មកក៏សុំជួបនិយាយជាមួយកូន តែកូនគាត់បែរជាមិនព្រមនិយាយជាមួយធ្វើឲ្យគាត់តូចចិត្តពេកក៏សម្រេចចិត្តដើរចេញពីក្នុងផ្ទះក្នុងបំណងបញ្ចប់ជិវិតខ្លួនឯងតែម្ដងទៅ។
បានប្រមាណជាមួយម៉ោងក្រោយមក ទើបស្ត្រីរូបនេះត្រូវបានក្រុមគ្រួសារមកដល់ដឹកតាមម៉ូតូយកទៅផ្ទះវិញក្នុងគោលបំណងអប់រំកុំឲ្យគិតខ្លីបែបនេះទៀត ៕ ប្រាថ្នា