ភ្នំពេញ៖ បុរសម្នាក់ដោយសារខឹងប្រពន្ធមិនព្រមឲ្យម៉ូតូជិះសម្រាប់ដឹកស្រីស្នេហ៍ទើបបង្កហិង្សាវាយប្រពន្ធមួយដៃខៀវភ្នែកត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលលេខ សេ០៤ ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីឈ្មោះលី ថន អាយុ៣៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ មានស្រុកំណើតនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ មានប្រពន្ធឈ្មោះឃុត បូនី អាយុ៣៤ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅនិងខេត្តជាមួយគ្នា។ ចំណែកស្រីកំណាន់ចិត្តរបស់បុរសជាប្តីនោះមានឈ្មោះគឹម លី អាយុ២៨ឆ្នាំ ដែលជាអតីតមិត្តរួមការងារជាមួយស្ត្រីជាប្រពន្ធដើម។
តាមសម្តីស្ត្រីជាប្រពន្ធដើមបានប្រាប់ថា រូបគាត់និងប្តីបានរៀបការដោយស្របច្បាប់អស់រយៈពេល១២ឆ្នាំមកហើយដោយមានកូនស្រី២នាក់ប្រុសម្នាក់សរុប៣នាក់។ បន្ទាប់មកភាពរកាំរកូសរវាងប្តីប្រពន្ធនៅមិនចុះសម្រុងនិងគ្នាទើបបុរសជាប្តីបានចាកចេញទៅរកសីុនៅប្រទេសថៃដោយនាំស្រីស្មេហ៍ទៅជាមួយផង មិនត្រឹមតែប៉ុណ្ណោះបុរសជាប្តីបានលោងលោមរូបគាត់យកទាំងខ្សែដៃទៅបាត់។
សាក្សីបន្តថា បន្ទាប់មកបុរសជាប្តីបានមកលួងលោមសារជាថ្មីដោយសុំម៉ូតូដែលកម្លាំងញើសឈាមរបស់ប្រពន្ធយកទៅជិះឌុបស្រីស្មេហ៍ធ្វើប្រងើយដោយមិនអាណិតអាសូរទ្រូងភរិយាដើមទាល់តែសោះ។
លុះរហូតមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ស្ត្រីជាប្រពន្ធបានទៅសុំម៉ូតូខ្លួនមកវិញតែពេលនោះបុរសជាប្តីមិនព្រមឲ្យម៉ូតូទេបែរជាឲ្យមួយកំណាប់ដៃបណ្តាលឲ្យប្រពន្ធខៀវភ្នែករត់ប្ដឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕ សុខាសែនជ័យ
...