នៅពេលដែលភាពតានតឹងរវាងកូរ៉េខាងជើង នឹងអាមេរិកនៅតែបន្តកើនឡើង នោះ មន្ទីរបញ្ចកោណអាមេរិកបានស្នើ ដល់កូរ៉េ ខាងជើង បញ្ឈប់ការឌឺដង ដែលនាំឲ្យមាន តានតឹងខ្លាំងជាងនេះ។ ក្នុងពេលជាមួយគ្នា នេះដែរ កូរ៉េខាងជើងបានថ្កោលទោស ដល់ការធ្វើសមយុទ្ធរួមរបស់អាមេរិកនិង ជប៉ុន។
អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក លោក Gary Ross បញ្ជាក់ថា «យើងអំពាវ នាវដល់កូរ៉េខាងជើង រក្សាការអត់ធ្មត់ មិនត្រូវមានសកម្មភាព ណាមួយបង្កវិវាទកាន់តែធ្ងន់ធ្ងរឡើយ ហើយកូរ៉េខាងជើង ត្រូវតែបំពេញទៅតាម ការងារ និងការ សន្យាអន្តរជាតិរបស់ខ្លួន វិលត្រឡប់ចូល តុពិភាក្សាវិញ។
លោក Gary Ross បញ្ជាក់ទៀតថា « កម្មវិធីបរមាណូរបស់ កូរ៉េខាងជើង គឺជា ការខុសច្បាប់ និងជាការគំរាមកំហែង ដល់ប្រទេសជាច្រើនក្នុងតំបន់ ក្នុងនោះ ក៏មានអាមេរិកផងដែរ។ ការប្រកាសខាង លើ របស់ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកកើតឡើងក្រោយពេលដែល កូរ៉េ ខាងជើង ប្រកាសថានឹងកម្ទេចនាវាផ្ទុក យន្តហោះអាមេរិក ពេលកំពុងធ្វើសមយុទ្ធ ជាមួយជប៉ុន។
នៅពេលនេះនាវាផ្ទុកយន្តហោះ អាមេរិក USS Carl Vinson កំពុងតែ ធ្វើសមយុទ្ធជាមួយជប៉ុន ដែលជាការត្រៀមលក្ខណៈទប់ទល់នឹងការវាយប្រហារពីកូរ៉េខាងជើង។ ចំណែកកូរ៉េខាងជើងវិញចាត់ទុកថាជាការប៉ុនប៉ងឈ្លានពាន របស់ អាមេរិក។
នៅពេលនេះដែរក្រុមអ្នកតាមដានសកម្មភាពកូរ៉េខាងជើង បានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងមិនទាន់មានសកម្មភាពណាមួយសម្រាប់សាកល្បងគ្រាប់បែកបរមាណូនៅឡើយទេ បើទោះបីអ្នកឯកទេស យល់ឃើញ ថា កូរ៉េខាងជើងត្រៀមសាកល្បងគ្រាប់បែកបរមាណូលើកទី៦ក៏ដោយ។ កូរ៉េខាងជើងក៏បានដឹងពីការត្រៀមលក្ខណៈវាយប្រហារប្រទេសនេះផងដែរ ដូច្នេះកូរ៉េខាងជើង មិនធ្វើអ្វីនាពេលនេះឡើយ ខ្លាចអាមេរិក វាយប្រហារដូច នៅស៊ីរី ។ពេលនេះអាមេរិកបានបញ្ជូនអាវុធមកកៀកកូរ៉េខាងជើងរួចរាល់ហើយ ក្នុងនោះមានទាំង នាវាមុជទឹក ដើរដោយថាមពល បរមាណូ និងកាំជ្រួច មីស៊ីល ៧០០ដើម ដែលអាចកម្ទេចកូរ៉េ ខាងជើង ទៅជាផេះបាន។
ពាក់ព័ន្ធនឹងស្ថានភាពកូរ៉េខាងជើងនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទមុននេះ បានជួបពិភាក្សា គ្នាតាមទូរស័ព្ទ ជាមួយនឹងប្រធានាធិបតី ចិន លោក ស៊ី ជីនពីង និងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ស្របពេល កំពុងមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយនឹងប្រទេសផ្ដាច់ការកូរ៉េខាងជើង ពីការគំរាមកំហែង ដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់របបកម្មុយនិស្ដខាងលើ នេះបើយោងតាមការចុះផ្សាយ របស់ទី ភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧។
នៅក្នុងនោះដែរនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេរ បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា “នៅក្នុង កិច្ចសន្ទនាតាមទូរស័ព្ទ នៅថ្ងៃនេះ យើងបាន ចែករំលែក នូវមតិយោបល់ដែលអាមេរិក និងជប៉ុន នឹងបន្ដទាមទារឲ្យប្រទេសកូរ៉េ ខាងជើង អត់ធ្មត់ពីឥរិយាបថបង្កជម្លោះ” ហើយប្រធានាធិបតីអាមេរិក ក៏បានជជែកជាមួយនឹងប្រធានាធិបតីចិន លើបញ្ហាដូច គ្នានេះដែរ។
កិច្ចសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំទាំង៣រូប ខាងលើនេះ ធ្វើឡើងស្របពេលដែលប្រទេសផ្ដាច់ការ កូរ៉េខាងជើង កំពុង រៀបចំការធ្វើតេស្ដ អាវុធនុយក្លេអ៊ែរ និង មីស៊ីលផ្លោងឆ្លងទ្វីប ដើម្បីប្រារព្ធខួបលើក ទី៨៥ នៃថ្ងៃបង្កើតកងកម្លាំងយោធារបស់ខ្លួន នៅថ្ងៃអង្គារនេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី