សម្ពន្ធមិត្តយោធាស៊ីរីដែលគាំទ្រដោយអាមេរិក វាយប្រហារ ស្រុកTabqa

ចែករំលែក៖

សារព័ត៌មាន AFP កាលពីថ្ងៃទី២៤ ខែមេសា បានផ្សាយថា កម្លាំងទាហានប្រជាធិបតេយ្យស៊ីរី SDF ដែលអាមេរិកគាំទ្របានបើកការវាយប្រហារទៅលើ ស្រុកTabqa ដែលគ្រប់គ្រង ដោយក្រុមអិស្លាម IS ។

អង្គការសិទ្ធិមនុស្ស ស៊ីរី SOHR បានឲ្យដឹងថា នេះជាលើកទីមួយហើយ ដែលកម្លាំងទាហាន SDF បើកការវាយប្រហារទៅលើទីតាំងខាងលើ ។ អង្គការសិទ្ធិមនុស្សស៊ីរីបានបញ្ជាក់ថា កម្លាំងទាហាន ដែលគាំទ្រដោយអាមេរិកបានគ្រប់គ្រងទីតាំងនៅភាគខាងត្បូង ស្រុក Tabqa ហើយបន្តវាយប្រហារទៅលើទីតាំងនៅភាគខាងលិចជាបន្តទៀត ។

ជាមួយនឹងការគាំទ្រ ពីអាមេរិក ក្នុងការវាយប្រហារតាមដែនអាកាស ក្រុម ទាហាន SDF វាយ លុក ឡោមព័ទ ស្រុក Tabqa តាំងពីដើមខែមេសា មកទល់ពេលនេះ ។ SDF ចាត់ទុកស្រុក Tabqa ជាទីតាំង សំខាន់ សម្រាប់ បើកការវាយប្រហារទ្រង់ទ្រាយធំទៅលើទីក្រុង Raqa ដែលជាទីក្រុងធំ គ្រប់គ្រង ដោយក្រុមភេរវកម្ម IS ។

ក្រុមអ្នកវិភាគបានលើកឡើងថា នៅពេលដែល ក្រុមទាហាន ប្រឆាំងរដ្ឋាភិបាលស៊ីរីវាយប្រហារដណ្តើមគ្រប់គ្រងទីតាំង មួយចំនួនពីក្រុម IS នោះ កម្លាំងទាហាននេះ ដែលមានការគាំទ្រ ពីអាមេរិក អាចបើកការវាយប្រហារទៅលើរដ្ឋាភិបាលស៊ីរី ផ្តួលរំលំរដ្ឋាភិបាលលោកអាល់ អាសាដ ។

ប៉ុន្តែការផ្តួលរំលំរដ្ឋាភិបាលស៊ីរី មិនមែនជារឿងងាយស្រួលនោះឡើយ ដោយរុស្ស៊ី ក៏បានបង្កើនការការពារដល់រដ្ឋាភិបាលលោកអាល់ អាសាដផងដែរ ។

សារព័ត៌មាន Sputnik បានផ្សាយថា រុស្ស៊ីបានត្រៀមខ្លួន រួចហើយ ដើម្បីបញ្ជូនប្រព័ន្ធ ការពារមីស៊ីលទៅឲ្យប្រទេសប្រសិនបើប្រទេសទាំងពីរ ឈានទៅដល់កិច្ចព្រមព្រៀង ណាមួយ ។

យោងតាមសារព័ត៌មាន Sputnikបានឲ្យដឹងថា កាលពីថ្ងៃសុក្រ ប្រធានាធិបតីស៊ីរី បាសា អាល់ អាហ្សាដ បានប្រាប់ Sputnik នៅក្នុងកិច្ចសម្ភាសន៍ថា រដ្ឋាភិបាលទីក្រុង ដាម៉ាស់ ចាប់អារម្មណ៍នឹងប្រព័ន្ធការពារដែនអាកាសជំនាន់ក្រោយរបស់រុស្ស៊ី ខណៈដែលប្រព័ន្ធការពារ ដែនអាកាស ស៊ីរី ជាង ៥០ភាគរយ ត្រូវក្រុមភេរវករបំផ្លាញចោល អស់ហើយ ។ លោកថា រដ្ឋបាលទីក្រុងមូស្គូ នឹងរដ្ឋាភិបាលទីក្រុង ដាម៉ាស់ កំពុងពិភាក្សាគ្នា អំពីផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែម ។

សមាជិកព្រឹទ្ធសភា រុស្ស៊ី បន្ថែមថា គ្មានអ្វីពិសេសនោះទេ ចំពោះការបញ្ជូននោះ ប្រសិនបើមានកិច្ចព្រមព្រៀង ខណៈដែលស៊ីរីកំពុងធ្វើសង្គ្រាម ប្រឆាំងភេរវកម្ម រុស្ស៊ី នឹងជួយស៊ីរី ៕

syria (2) syria (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print