ធ្លាយរឿងមន្ត្រីនគរបាលនាយកដ្ឋានទេសចរណ៍ក្រសួងមហាផ្ទៃ និងអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាបផ្តឹតមេដៃប្តឹងប្រធាននាយកដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០១៧ មន្ត្រីនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃជាង៦០នាក់ និងមន្ត្រីនគរបាលអង្គភាពទេសចរណ៍ ប្រចាំខេត្តសៀមរាប៦នាក់បាននាំគ្នាធ្វើការតវ៉ាផ្តឹតមេដៃប្តឹងប្រធាននាយកដ្ឋានក្នុងភាពមិនប្រក្រតី។ នេះបើយោងតាមប្រភពព័ត៌មានក្រៅផ្លូវការក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ។

ប្រភពដដែលបន្តថា លោក សំ ស៊ីយ៉ាន ជាប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ក្រសួងមហាផ្ទៃទើបបានមកកាន់តែណែងជាប្រធាននាយកដ្ឋាននេះជាង១ឆ្នាំ។ ក្រោយពីលោកបានមកកាន់តំណែងនេះភ្លាម បញ្ហាជាមួយមន្ត្រីថ្នាក់ក្រោមបានកើតមានឡើងជាហូរហែ ជាពិសេសបញ្ហាមិនប្រក្រតីរឿងលុយអបហារដែលកាត់មកពីក្រសួងទេសចរណ៍ ដែលខាងក្រសួងធ្លាប់បានសន្យាថាផ្តល់អបហារជូន១ដុល្លារឲ្យមកនាយកដ្ឋាន នគរបាលទេសចរណ៍ក្នុងភ្ញៀវទេសចរម្នាក់ ហើយលុយអប្បហារនេះមិនដឹងជាទើរនៅត្រឹមណាទេ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា អ្វីដែលមន្ត្រីទាំងនោះទ្រាំលែងបានហើយនាំគ្នាសម្រេចចិត្តប្តឹងនេះគឺដោយសារតែភាពមិនប្រក្រតីក្នុងការដឹកនាំរបស់មេនាយកដ្ឋាន ប្រកាន់បក្ខពួកកៀបបសង្កត់ថវិការបស់មន្ត្រីអសកម្មមិនបានមកបំពេញការងារជាប្រចាំនៅអង្គភាព ការិយាល័យ គឺគេបានកាត់ទុកបម្រើផលប្រយោជន៍ខ្លួនឯង ថែមទាំង ជំរុញឲ្យមន្ត្រីមកបម្រើការងារទាំងតក់ក្រហល់ រួមទាំងការដាក់វិន័យមកលើមន្ត្រីដោយមិនសមហេតុផលជាដើម។ ជាក់ស្តែងលោកនាយរងការិយាល័យម្នាក់ក៏ត្រូវបានបញ្ជូនឲ្យទៅដាក់វិន័យនៅឯក្រុមប្រឹក្សាវិន័យក្រសួងមហាផ្ទៃផងដែរ ដោយសារតែលោកនាយរងរូបនេះមិនសូវចេះរណេបរណបមេនាយកដ្ឋាន។

ប្រភពដដែលក៏បានសង្កាត់ធ្ងន់ថា តាំងពីនាយកដ្ឋាននគរបាលទេសចរណ៍បានបង្កើតមកនៅក្នុងអំឡុងឆ្នាំ២០០២មក មានប្រធាននាយកដ្ឋាន៣រូបហើយមិនដែលមានបញ្ហាណាមួយជាមួយមន្ត្រីក្រោមឧិវាទនោះទេ ដែលកាលណោះលោក សំ ស៊ីយ៉ាន ជាប្រធានអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប។ បច្ចុប្បន្នលោកសំ ស៊ីយ៉ាន បានកាន់ តំណែងជាប្រធាននាយកដ្ឋានទេសចរណ៍ក្រសួងមហាផ្ទៃភ្លាម បញ្ហាកាន់តែកើតមានឡើងជាហូហែ។

ប្រភពព័ត៌មានសូមមិនបញ្ចេញឈ្មោះបានបង្ហើបថា បញ្ហាលុយអប្បហារនេះខាងរដ្ឋ មន្ត្រីក៏បានជំរុញឲ្យអគ្គស្នងការនគរបាលជាតិដោះស្រាយតាមសម្រួលបើមិនដូច្នេះទេនោះ បញ្ហានេះនិងដាក់ជូននាយករដ្ឋមន្ត្រី។ ជាមួយគ្នាផងដែរ ប្រភពពីមន្ត្រីម្នាក់បាននិយាយថា ជុំវិញបញ្ហាខាងលើនេះ បានដល់ដៃលោក ហ៊ឹម យ៉ាន អគ្គស្នងការរងរួចហើយ។ តែលោកហ៊ឹម យ៉ាន សន្យាថានឹងដោះស្រាយជូនដល់មន្ត្រីរងគ្រោះ ក្នុងជំហានទី២។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានទទួលទូរស័ព្ទកាលពីថ្ងៃទី២៤ ខែមេសា តែលោកពុំបានឆ្លើយតបនោះទេ។ លោកបានបិទទូរស័ព្ទភ្លាមៗនៅពេលឮសំណួរជុំវិញបញ្ហានេះ។ ចំណែកលោក សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ក៏ពុំបានទទួលទូរស័ព្ទផងដែរ ព្រោះទូរស័ព្ទរបស់លោកជាប់រវល់។

ដោយឡែកលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំក២០១៧ថា បញ្ហានេះគឺលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានប្រគល់ភារកិច្ចទៅឲ្យអគ្គស្នងការរងទទួលបន្ទុកផែនគឺលោក ហ៊ឹម យ៉ាន ដើម្បីកោះហៅប្រជុំដោះស្រាយ តែមិនដឹងថាគាត់បានប្រជុំដោះស្រាយហើយឬនៅ។

ជុំវិញបញ្ហាការប្តឹងផ្តល់នេះ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទិ្ធ បានបន្តថាជុំវិញបញ្ហានេះលោកពុំបានដឹងច្បាស់នោះទេ តែលោកគ្រាន់តែដឹងថាបងប្អូនថ្នាំងថ្នាក់គោរពសិទ្ធិការងារគាត់ និងរបៀបរបបការងារដូចថាមិនបាននិយាយគ្នាដូចជាការដោះស្រាយការងារអ្វីគឺមិនបានធ្វើតាមឋានុក្រម មិនមានរឿងអ្វីធំដុំនោះទេ។ ពោលគឺបញ្ហាផ្ទៃក្នុងរបស់នាយកដ្ឋាន ៕ តាឡឹម

...

????

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print