ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីឪពុកជនរងគ្រោះបានស្រែកឆោឡោឲ្យអ្នកជិតខាងជួយ និងរាយការណ៍ទៅប្រាប់សមត្ថកិច្ច ខណៈឃើញកូនស្រីរបស់ខ្លួនដេកផ្កាប់មុខស្លាប់នៅក្នុងបន្ទប់ដោយមានក្រមាចងរឹត និងនៅក្នុងបន្ទប់មានការរើកកាយ ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងរោងស្នាក់នៅបណ្តោះអាសន្ន តាមបណ្តោយផ្លូវទន្លេសាប ក្រុមទី៦ ភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា នារីរងគ្រោះឈ្មោះ ម៉ាន ស្រីមុំ អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុខាងលើ ។
សមត្ថកិច្ចបន្តថា ជនរងគ្រោះត្រូវបានជនមិនស្គាល់មុខយកក្រមាចងរឹតខ្ទប់មាត់ និងច្រមុះបណ្តាលឲ្យដាច់ខ្យល់ស្លាប់ រួចហើយប្រមែប្រមូលយកទ្រព្យសម្បត្តិដូចជាទូរស័ព្ទម៉ាកអាយហ្វូនហ្វាយ កងដៃផ្លាកទីនមួយឈុត ដែលជារបស់ជនរងគ្រោះ ។
ឪពុកជនរងគ្រោះនិយាយថា មុនពេលភ្ញាក់ផ្អើល គាត់បានឡើងទៅបន្ទប់ខាងលើដើម្បីសម្រាក ក៏ក្រឡេកទៅកាន់បន្ទប់ឃើញកូន ដេកផ្កាប់មុខ ដោយមានក្រមារុំជិត ខណៈនោះគាត់មានការសង្ស័យ ក៏ចុះមកខាងក្រោមហៅកូនស្រី មិនឃើញឆ្លើយតប ក៏រុញទ្វារចូលទៅខាងក្នុង ទាញកូនផ្ងារ រួចស្រាយក្រមាចេញ ស្រាប់តែឃើញឈាមហូរចេញពីមាត់ ក៏ភ្ញាក់ផ្អើលថា កូនត្រូវជនមិនស្គាល់មុខសម្លាប់ ក៏បានប្រាប់អ្នកជិតខាង និងសមត្ថកិច្ចដើម្បីឲ្យចុះជួយអន្តរាគមន៍លើករណីនេះ ។
បច្ចុប្បន្នករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញាជនដៃដល់ ដែលបានសម្លាប់នារីរងគ្រោះ ៕ អរុណរះ