ខេត្តពោធិ៍សាត់ ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋធ្វើដំណើរទៅមកលើកំណាត់ផ្លូវជាតិលេខ៥៥ បានឲ្យដឹងថា គេឃើញកម្លាំងសមត្ថកិច្ចស្នាក់ការល្បាតរបស់កម្មវិធីអភិរក្សព្រៃឈើជួរភ្នំក្រវាញភាគកណ្ដាល ឃាត់រថយន្តធុនធំ ១គ្រឿងដែលគេដឹងថារថយន្តនោះដឹក ផលអនុផលព្រៃឈើពេញព្រាប ប៉ុន្តែការឃាតនេះបានត្រឹមតែមួយចម្អិនកំពិសប៉ុណ្ណោះ ក៍ត្រូវបានឃើញគេដោះលែងមកវិញ ករណីនេះត្រូវបានគេសង្ស័យអាចមានអ្នកធំអន្តរាគមន៍ឬអាចថ្នូរនឹងអ្វីម្យាងផ្សេងទៀតក៍ថាបាន។
ប្រភពខាងលើបន្តថាប្រតិបត្តិការខាងលើ គេឃើញអនុវត្តន៍ឡើងកាលពីវេលាម៉ោង៨ និង៥០យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចទឹកចេញ ស្នាក់ការល្បាតរបស់កម្មវិធីមន្រ្តីអភិរក្សព្រៃឈើជួរភ្នំក្រវាញភាគកណ្ដាល ស្ថិតក្នុងភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។
ប្រភពដដែលខាងលើបន្តទៀតថា រថយន្តធុនធំត្រូវបានកម្លាំងមន្រ្តីខាងលើធ្វើការឃាត់នោះម៉ាក ហុីយ៉ាន់ដាយ ពណ៏ស ភ្លៅ០៤ ពាក់ស្លាកលេខ ញ.0457 ភ.ព.3 ដឹកផលអនុផលព្រៃឈើពេញរថយន្តគ្របតង់ជិត ប៉ុន្តែគេមិនដឹងថាមានអ្វីខ្លះនោះទេនៅខាងក្នុង ហើយគេឃើញចេញពីម្តុំចំណុចតាំងយ៉ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ក៍ត្រូវបានកម្លាំងខាងលើធ្វើការបង្រ្កាបដូចបានរាបរាប់ តែការឃាត់ចាប់នេះបានត្រឹមតែមួយចម្អិនកំពិសប៉ុណ្ណោះ ដោយគេឃើញរថយន្តដឹកផលអនុផលព្រៃឈើដដែលនេះបើកចេញវិញ នៅពេលទាបភ្លឺ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧យ៉ាងគ្រហើន គេមិនដឹងថាការដោះលែងរថយន្តនេះថ្នូរនិងលាភសការៈឬមានអ្នកមានអំណាចអន្តរសគមន៍នោះឡើយ។
ប្រភពខាងរថយន្តត្រូវគេបង្ហើបថា រថយន្តដឹកឈើ(បង្គោលក្រាក់) ចេញពីចំណុចខាងលើ ឆ្ពោះទៅខេត្តបាត់ដំបង ហើយគាត់លើកឡើង ថាចំណាយលុយតាមផ្លូវ ក្នុងខេត្តពោធិ៍សាត់អស់មិនក្រោមចំនួន ៦០មឺុនរៀលនោះឡើយ ។
ទោះយ៉ាងណាក្តី ប្រភពលើកឡើងខាងលើ អ្នកសារព័ត៌មាន មិនអាចសុំការពន្យល់ពីមន្រ្តីអភិរក្សឬសមត្តកិច្ចពាក់ព័ន្ធតាមដងផ្លូវនោះបាន ទេ នារសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ ៕ បឹុម ពិន