ភ្នំពេញ៖ បុរសម្នាក់បានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍បន្ទាប់ពីស្គាល់ជាមួយនារីម្នាក់ត្រឹមតែរយៈពេលមួយសប្តាហ៍ហើយត្រូវនារីម្នាក់នោះខ្ចីម៉ូតូថា ទៅទិញម្សៅលាបមុខមួយភ្លេតស្រាប់តែទៅបាត់រហូតលែងមកវិញ កាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅបន្ទប់ជួលនាង ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លុះរហូតមកដល់វេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល។
ជនរងគ្រោះឈ្មោះប៊ុន ហ៊ុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខB39 ផ្លូវលំ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិស្វាយជើង ឃុំបាស្រែ ស្រុកអង្គបូរី ខេត្តតាកែវ។ ចំណែកនារីសង្ស័យឈ្មោះជីតា ហៅត្រងោល ភេទស្រី ស្នាក់នៅមិនពិតប្រាកដ។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា រូបគាត់និងនាងបានស្គាល់គ្នាតាមរយៈលេខទូរស័ព្ទក្រោយមកក៏ណាត់ជួបគ្នាម្តងជា២ដងរួចមកហើយលុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ នារីសង្ស័យបានមកលេងផ្ទះរបស់ខ្លួនដោយសម្រាកចំនួន៣ថ្ងៃរហូតមកដល់វេលាកើតហេតុរូបនាងក៏បានខ្ចីម៉ូតូគាត់ថា ទៅទិញម្សៅមួយភ្លេតហើយខ្លួនក៏បានឲ្យយកទៅ។
ជនរងគ្រោះបន្តថា បន្ទាប់មកចាំបាត់ៗទើបខ្លួនខលតាមទូរស័ព្ទតែមិនលើកបន្ទាប់មកក៏បិទទូរស័ព្ទរហូតខលលែងចូល។ លុះនៅវេលាម៉ោង៣រសៀលថ្ងៃទី២៧ ខែមេសា ទើបសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីសុំការអន្តរាគមន៍៕ សុខាសែនជ័យ
...