ខេត្តកំពង់ធំ៖ ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ភា្លមៗនៅនឹងកន្លែងកើតហេតុ និងអ្នកបើកបរម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូឌុបគ្នាយ៉ាងលឿនក្នុងស្ថានភាពស្រវឹង មិនបត់តាមផ្លូវកោង ក៏ជ្រុលចង្កូតទៅបុកបង្គោលរបងស្លាប់១នាក់ របួស១នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅគល់ស្ពានបាក់ស្នា ឃុំគ្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបានឃើញម៉ូតូម៉ាកវីវ៉ាបើកចេញពីត្បូងទៅជើង តាមផ្លូវក្រាលកៅស៊ូ ពីកំពង់ថ្មទៅទំរីង ស្រាប់តែមកដល់កើតហេតុត្រង់ចំណុចផ្លូវកោង មិនព្រមបត់តាមផ្លូវកោង បែរទៅត្រង់ ជ្រុលទៅបុកបង្គោលរបង បណ្តាលឲ្យអ្នកបើកបររបួសធ្ងន់ និងស្ត្រីអ្នកដំណើរ១នាក់បានស្លាប់នៅនឹងកន្លែង ។
បន្ទាប់មកគេបានឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ចុះមកវាស់វែង និងបញ្ជូនអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យកំពង់ថ្ម ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈាង ភេទប្រុស អាយុ៤២ឆ្នាំ របួសធ្ងន់ ជាអ្នកបើកបរ និងរួមដំណើរឈ្មោះ មាស សុខា ភេទស្រី អាយុ៥៤ឆ្នាំ (ស្លាប់) រស់នៅភូមិចេងដើង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានបង្កឡើងដោយអ្នកបើកម៉ូតូលឿនក្នុងស្ថានភាពស្រវឹងដល់ចំណុចផ្លូវកោង ជ្រុលចង្កូតទៅបុកបង្គោលរបង ដួលបោកក្បាលបណ្តាលស្លាប់ម្នាក់ និងរងរបួសម្នាក់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់សាកសពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យ ៕ ប៊ុន រិទ្ធី