ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកោះខ្សាច់ទន្លា ចាប់ខ្លួន និងឆែកឆេរលំនៅឋានដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២កញ្ចប់តូច-៣កញ្ចប់ធំ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យឆែកឆេរលំនៅឋាននេះធ្វើឡើង កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ អ៊ីម ហៀង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ។ ក្នុងប្រតិបត្តិការចាប់ខ្លួនជនសង្ស័យឆែកឆេរលំនៅឋាន សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២០កញ្ចប់តូច-៣កញ្ចប់ធំ ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីមហាជនល្អថានៅក្នុងភូមិសាស្ត្រឃុំកោះខ្សាច់ទន្លាមានមុខសញ្ញាធ្វើសកម្មភាពជួញដូរគ្រឿងញៀនរួចមក សមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀនស្រុកស្អាង បានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកោះខ្សាច់ទន្លា ចុះធ្វើការស្រាវជ្រាវឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យ និងឆែកឆេរលំនៅឋានជនសង្ស័យតាមការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដកហូតវត្ថុតាងពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ