នៅពេលនេះអុីស្រាអែលបានបើកការវាយប្រហារតាមដែនអាកាសទៅលើទី តាំង អាកាសយានដ្ឋាន ក្នុងទីក្រុង Damascus ប្រទេសស៊ីរី ដែលជាសញ្ញាថ្មីមួយនៃសង្គ្រាមគ្រោះថ្នាក់នៅស៊ីរី។
នៅព្រឹកថ្ងៃទី២៧ខែមេសា ទាហាន អាកាសអុីស្រាអែល បានវាយប្រហារចំឃ្លាំងអាវុធនៅជិតអាកាសយានដ្ឋាន ក្នុងប្រទេស ស៊ីរី ដែលអុីស្រាអែលប្រកាសថាជាឃ្លាំងគ្រាប់របស់ ទាហានអុីរ៉ង់ផ្តល់ដល់ក្រុមហេប៊ូឡាហ៍នៅលីបង់ សម្រាប់ប្រឆាំងនឹង អុីស្រាអែល។
សារព័ត៌មាន Al Masdar បញ្ជាក់ថា ទាហានអាកាសអុីស្រាអែលបានបើកការវាយប្រហារ ៥លើកទៅលើទីតាំងឃ្លាំងគ្រាប់នៅក្នុងប្រទេសស៊ីរី មានចម្ងាយពីរដ្ឋ ធានី២៥គីឡូម៉ែត្រ ។ ការវាយប្រហាររបស់អុីស្រាអែលធ្វើឡើងក្រោយពេលដែល អាមេរិកវាយប្រហារ ដោយមីស៊ីលចេញ ពីនាវា ចម្បាំងទៅលើទីតាំងទ័ពអាកាសរបស់ស៊ីរី។នៅពេលនេះរុស្ស៊ីនិងស៊ីរីមិនទាន់មានប្រតិកម្មអ្វីចំពោះការវាយប្រហារខាងលើនៅឡើយទេ។
បើយោងតាមការអះអាងរបស់ក្រុម ហេសប៊ូឡាហ៍ ការវាយប្រហារតាមផ្លូវ អាកាសរបស់អុីស្រាអែល គឺសំដៅទៅលើ ឃ្លាំងស្តុកប្រេង និងអាវុធ នៅក្នុងមូលដ្ឋាន ទ័ពស៊ីរី ដែលស្ថិតនៅក្បែរព្រលានយន្តហោះក្រុងដាម៉ាស់។ ក៏ប៉ុន្តែ ក្រុមហេសប៊ូឡាហ៍មិនបានបញ្ជាក់ឲ្យដឹងទេថា តើឃ្លាំងស្តុកអាវុធដែលរងការវាយប្រហារនេះជាឃ្លាំងរបស់ពួកគេ ឬក៏ជាឃ្លាំងរបស់កង ទ័ពស៊ីរី។
គួរបញ្ជក់ថា ក្រុមហេសប៊ូឡាហ៍ គឺជា ចលនានយោបាយ និងប្រដាប់អាវុធ អ៊ិស្លាមនៅលីបង់ តែជាសម្ពន្ធមិត្តរបស់ លោកបាសា អាល់ អាសាដ និងអុីរ៉ង់ ហើយបច្ចុប្បន្ននេះ ក្រុមប្រដាប់អាវុធហេសប៊ូឡាហ៍កំពុងតែមានវត្តមាននៅក្នុងប្រទេសស៊ីរី ដើម្បីជួយកងទ័ពលោកអាសាដ ក្នុងសង្រ្គាមទល់នឹងក្រុមឧទ្ទាមគាំទ្រដោយលោកខាងលិច។
ចាប់តាំងពីសង្រ្គាមស៊ីវិលស៊ីរីផ្ទុះឡើងមក អុីស្រាអែលធ្លាប់បានបើកការវាយប្រហារតាមផ្លូវអាកាសជាច្រើនលើក រួចមក ហើយ ទៅលើទីតាំងមួយចំនួននៅក្នុងទឹកដីស៊ីរី ដោយអុីស្រាអែលអះអាងថា ជាការវាយប្រហារសំដៅរារាំងកុំឲ្យក្រុមហេសប៊ូឡាហ៍នាំយកអាវុធពី អុីរ៉ង់ឆ្លងកាត់ប្រទេស ស៊ីរី ចូលទៅក្នុងទឹកដីលីបង់ ដើម្បីទុកវាយ ប្រហារលើអុីស្រាអែល។ អុីស្រាអែល និង លីបង់ ដែលបានផ្ទុះសង្រ្គាមនឹងគ្នា កាលពី ឆ្នាំ២០០៦ ហើយដែលរហូតមកទល់នឹង ពេលនេះ កំពុងបន្តស្ថិតក្នុងស្ថានភាពសង្រ្គាមនៅឡើយ ដោយសារតែភាគីទាំងពីរមិនទាន់ចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅឡើយ។
ទាក់ទងនឹងការផ្ទុះនៅក្បែរព្រលាន យន្តហោះក្រុងដាម៉ាស់ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍មុននេះ រដ្ឋាភិបាលអុីស្រាអែលមិនបានធ្វើការបញ្ជាក់ថាជាស្នាដៃរបស់ខ្លួននោះទេ ក៏ប៉ុន្តែ ប្រមុខចារកិច្ចអុីស្រាអែលបានលើកឡើងថា ការវាយប្រហារទៅលើទីតាំងហេសប៊ូឡាហ៍ក្នុងទឹកដីស៊ីរី ដូចជានៅមូលដ្ឋានទ័ពក្បែរក្រុងដាម៉ាស់នេះជាដើម គឺស្របទៅនឹងនយោបាយរបស់ អុីស្រាអែល៕
ប្រែសម្រួល៖ ម៉ែវ សាធី