ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈដែលកំពុងបេីកម៉ូតូតាមផ្លូវក៏ ទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យដួលភ្លាមនោះធ្វើឲ្យរថយន្តបើកតាមក្រោយចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅកិន អ្នកបើកម៉ូតូបែកមួកការពារសុវត្ថិភាពរងរបួសធ្ងន់តែម្តង ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និងង៥០នាទីយប់ថ្ងៃទី២៤ ខែកញ្ញា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី មុខសាកលវិទ្យាល័យបច្ចេកទេសកម្ពុជា សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1O-0474 ទើបតែចេញមកពីធ្វើការជាជាងសំណង់ ដោយធ្វេីដំណេីរ តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះដល់មុខការដ្ឋានស្ពានអាកាសស្តុបទួលគោកកំពុងតែសាងសង់ ទើបម៉ូតូសង់កូរ៉េមិនចង់វៀងផ្លូវបានជិះលើផ្លូវបញ្រ្ចាសទិសដៅចរាចរណ៍មកដល់ចំណុចកើតហេតុបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកបើកច្រាសទិសគ្នាបណ្តាលឲ្យទាក់ដៃចង្កូតដួល ស្រាប់តែរថយន្តឡិចស៊ីស470 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2-J8999 បើកបរដោយបុរសចំណាស់ទិសដៅពីកើតទៅលិច ចាប់ហ្រ្វាំងមិនទាន់បានកិនអ្នកបើកម៉ូតូបែកមួកការពារសុវត្ថិភាពរងរបួសធ្ងន់តែម្តង ។
ក្រោយកេីតហេតុអ្នកបើកបរបានចុះពីលេីរថយន្តបាននិយាយថាគាត់មិនបានបុកទេ ចំណែកឯជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។ រីឯរថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដោះស្រាយតាមនីតិវិធី ៕
...
ដោយ៖ ស ដារ៉ា