ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍នេះនៅចន្លោះគីឡូម៉ែត្រលេខ48-49 ត្រង់ចំណុចស្ពានពោធិ៍ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៨និង២២នាទីយប់ រវាងរថយន្តកាមរីគូទប៉ោងបុកជាមួយរថយន្តក្រុងរបស់ ក្រុមហ៊ុន ថោងស៊ីញ ។
មន្រ្តីជំនាញនគរបាលចរាចរណ៍បានឲ្យដឹងថា មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ គឺដោយសារមកពីរថយន្តកាមេរីគូថប៉ោង បើកជែងជាមួយរថយន្តដឹកទំនិញមួយគ្រឿងទៀត (ដឹកដំឡូងមី) ក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់ ស្របពេលមានរថយន្តក្រុងក្រុមហ៊ុនថោងស៊ីញមកដល់ល្មម ក៏បុកគ្នាពេញទំហឹង បង្ក ឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់ ។
សមត្ថកិច្ចបន្តថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យមនុស្សជិះក្នុងរថយន្តកាមេគូទប៉ោងស្លាប់០៤នាក់ ស្រី០១នាក់ និងរបួស០៤នាក់ (ធ្ងន់ ០៣ នាក់ ស្រី ០១ នាក់ )។ អ្នករបួស និងអ្នកស្លាប់ មានទីលំនៅភូមិម្លូមឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
បច្ចុប្បន្ន អ្នករបួសត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ដោយឡែកអ្នកស្លាប់ សាច់ញាតិបានយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា