ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោកប៉ា សុជាតិវង្សនិងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី នៅព្រឹកថ្ងៃទី០១ ឧសភានេះ បានអញ្ចើញជាអធិបតីភាពបើក សម្ពោធដាក់ឲ្យ ប្រើប្រាស់អគាររដ្ឋបាលសង្កាត់នឹងប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះដាច់ ស្ថិតក្នុងសង្កាត់ កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វាបានស្នើសុំអោយលោកប៉ា សុជាតិវង្ស ជួយកសាងផ្លូវបេតុងជាង៥គីឡូម៉ែត្រ រួមនិងការបំពាក់គ្រឿងបរិក្ខា កុំព្យូទ័រ និងវិទ្យុទាក់ទង ដើម្បីបំពាក់ឲ្យសង្កាត់កោះដាច់ ប្រើប្រាស់ក្នុងប្រយោជន៏សាធារណៈ ។
លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា នៅសល់តែ៣៤ថ្ងៃទៀតទេ ដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ហើយ ដោយយើងនឹងត្រូវចាប់ផ្តើមឃោសនានៅថ្ងៃ២០ឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនាឆ្នាំ២០១៧ និងបោះឆ្នោតនៅថ្ងៃអាទិត្យទី៤មិថុនា ឆ្នាំ២០១៧ ដូច្នេះទេយើងត្រូវចាប់ផ្តើមរៀបចំទាំងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពចាប់ពីពេលនេះតទៅ។
លោកបន្តថា នៅក្នុងសង្កាត់ជ្រោយចង្វានេះ មានការរីកចម្រើនយ៉ាងខ្លាំង ក្រោយពីសង្កាត់នេះ បានកាត់ចូលមករាជធានីភ្នំពេញ ដោយយើងបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាផ្លូវថ្នល់ និងមានមណ្ឌលសុខភាព ជាដើមបើទោះបីសេវាសុខាភិបាលនេះមិនទាន់បានល្អប្រសើរយ៉ាងណាក្តី ហើយជាក់ស្តែងសម្រាប់ពេលនេះយើងបានកសាងបាននៅអគាររដ្ឋបាលសង្កាត់និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រោយចង្វាថែមទៀត ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់និងបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញជាគោលការអោយការបំរើសេវានេះនៅគៀកកិតជាមួយប្រជាពលរដ្ឋ។
លោកបន្ត យើងនៅមានគម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេជាច្រើនកន្លែងទៀត ដូចជាស្ពានឆ្លងកាត់ពីជ្រោយចង្វាមកកោះដាច់ ពីកោះដាច់ទៅអរិយក្សត្រ ហើយពីអរិយក្រត្រទៅផ្លូវជាតិលេខ១ ដែលជាផ្លូវខ្សែក្រវ៉ាត់រាជធានីភ្នំពេញជាមួយផ្លូវថ្មីៗជាច្រើនខ្សែទៀតផងដែរ ក្រោយពីស្ពានដែលជាខ្សែក្រវាត់ទី៤ ព្រែកសំរោង។
លោកបញ្ជាក់ថា ចំពោះការស្នើសុំរបស់លោកលោកឃ្លាំង ហួតជុំវិញការសុំការកសាងផ្លូវបេតុងអោយបានជុំវិញកោះដាច់នោះ លោកប៉ា សុជាតិវង្ស ក៏បានសន្យាផ្តល់ជូនផងដែរ ដោយលោកបញ្ជាក់ថា ផ្លូវខូច ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត វាត្រូវតែធ្វើការជួសជុលឡើងវិញហើយ៕ សំរិត