ការធ្វើរដ្ឋប្រហារ មិនបានសម្រេចនៅ ក្នុងប្រទេសទួរគី បានក្លាយទៅជាឱកាស ដើម្បីឲ្យប្រធានាធិបតីអ៊ែរដូហ្គានពង្រឹង អំណាចរបស់ខ្លួន តាមរយៈដកមន្ត្រី ដែល ប្រឆាំងរូបលោកទាំងអស់ ចេញពីតំណែង ដោយជំនួសវិញនូវ មន្ត្រីជិតស្និទ្ធបំផុត របស់លោក។ ចំណុចទាំងនោះហើយដែលប្រធានាធិបតីទួរគីមានឱកាសកម្ចាត់បុគ្គលដែលប្រឆាំងរូបលោក ដើម្បីការពារ អំណាច។
នៅពេលនេះមន្ត្រី រដ្ឋការ យោធា និង នគរបាល ប្រមាណជាង ៣.៩០០នាក់ ដែលជាតំណាងនៃការគំរាមកំហែងសន្តិសុខជាតិ ត្រូវបានអាជ្ញាធរទួរគីព្យួរ និងដកហូតពី ការងារ ។ជាប្រតិបត្តិការ ដែលធ្វើឡើងក្នុងក្របខ័ណ្ឌបង្ក្រាបចលនាបះបោរ ក្រោយហេតុការណ៍រដ្ឋប្រហារមិនសម្រេច កាលពីខែកក្កដា ឆ្នាំ២០១៦។ នេះបើតាមការអះអាងរបស់រដ្ឋាភិបាលអង់ការ៉ា ក្នុងសារព័ត៌មានផ្លូវការ។
វិធានការ ថ្មីនេះ ជាការដាក់ទោសលើមន្ត្រីរដ្ឋការនៃក្រសួងយុត្តិធម៌ ចំនួន ១.១ ២៧នាក់ ខ្លះជាក្រឡាបញ្ជី ខ្លះជាឆ្មាំពន្ធនាគារ លើគ្រូបង្រៀនចំនួន ៤៨៤នាក់ និង ២០១នាក់ ជាបុគ្គលិកក្រសួងសាសនា។ កងទ័ពជាង១.២០០នាក់ ក្នុងនោះ ជិត ៦០០នាក់ ជានាយទាហាន ក៏ត្រូវបាន ព្យួរពីការងារដែរ។ នេះបើតាមការលម្អិត របស់រដ្ឋាភិបាល។
សរុបមានមនុស្សជាង ១២ម៉ឺននាក់ ត្រូវបានបណ្តេញចេញពីការងារ ក្នុងវិស័យ រដ្ឋបាលសាធារណៈ និងខ្លះក្នុងវិស័យឯក ជន និងជាង៤ម៉ឺននាក់ត្រូវបានចាប់ខ្លួន គិតចាប់តាំងពីប្រតិបត្តិការបង្ក្រាបបានចាប់ផ្តើមមក។
រដ្ឋាភិបាលទួរគី បានពន្យល់បំភ្លឺថានេះ ជាវិធានការដែលប៉ះពាល់លើសកម្មជន ស្និទ្ធនឹងមេបក្សប្រឆាំង ជាប្រមុខសាសនានិរទេសខ្លួននៅសហរដ្ឋអាមេរិកលោក Gülen ហ្គូឡិន ដែលបើតាមក្រុងអង់ការ៉ា គឺជាអ្នកនៅពីក្រោយចលនាបះបោរធ្វើរដ្ឋប្រហារមិនសម្រេចកាលពីឆ្នាំ ទៅនិងដែលមានបណ្តាញសកម្មជនគាំទ្រលាក់ខ្លួននៅគ្រប់រដ្ឋបាល គ្រប់ប្រព័ន្ធសារព័ត៌មាន និង ក្រុមហ៊ុនខ្លះ។
នៅក្នុងថ្ងៃអាទិត្យ ទី៣០ ខែមេសា ទន្ទឹមនឹងការប្រកាសដកហូតមន្ត្រីបុគ្គលិកនេះដែរ អាជ្ញាធរទួរគីបានបិទខ្ទប់វ៉េបសាយ វីគីភីឌា ដោយសំអាងលើច្បាប់ហាមឃាត់ការភ្ជាប់អ៊ីនធើណេតលើគេហទំព័រដែលមាន លក្ខណៈគំរាមកំហែងដល់សន្តិសុខជាតិ៕
ប្រែសម្រួល៖ ម៉ែវ សាធី